បរទេស៖ Stella Terra គឺជារថយន្តដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យដំបូងគេរបស់ពិភពលោក ជាមួយនឹងល្បឿនអតិបរមា ១៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង នឹងរត់បានចម្ងាយជាង ៧១០ គីឡូម៉ែត្រដោយមិនចាំបាច់បញ្ចូលថ្ម នេះបើយោងតាមសារព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ១៧ ខែតុលា។
លោក Wisse Bos អ្នកគ្រប់គ្រងក្រុម Solar Team Eindhoven បាននិយាយថា រថយន្ត Stella Terra ដំបូងនេះគឺត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាដ៏ទំនើប ជាមួយនឹងកោសិកាពន្លឺព្រះអាទិត្យដែលមានប្រសិទ្ធភាពខ្ពស់ រួមទាំងកៅអីពីរ និងតួទម្ងន់ស្រាល ក៏ដូចជាមានភាពជឿនលឿនជាងរថយន្តផ្សេងទៀតនៅលើទីផ្សារ។
រថយន្តប្រភេទ SUV នេះត្រូវបានបំពាក់ដោយថ្ម lithium-ion ដែលអនុញ្ញាតឱ្យវាដំណើរការនៅកន្លែងដែលមានពន្លឺថ្ងៃតិចសម្រាប់ចម្ងាយខ្លី និងពន្លឺថ្ងៃខ្លាំងសម្រាប់ចម្ងាយវែង ដោយមិនចាំបាច់បញ្ចូលថ្មឡើយ។ ដូច្នេះថាមពលពន្លឺព្រះអាទិត្យរបស់រថយន្តអាចផ្តល់ថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់ចម្អិនអាហារ និងឧបករណ៍សាកថ្មដូចជាទូរស័ព្ទ ឬកាមេរ៉ាជាដើម។ Inverter របស់រថយន្តមានប្រសិទ្ធភាព ៩៧% ក្នុងការបំប្លែងពន្លឺព្រះអាទិត្យដែលស្រូបដោយកោសិកាពន្លឺព្រះអាទិត្យទៅជាបន្ទុកអគ្គិសនី។
លោក Bob van Ginkel អ្នកគ្រប់គ្រងបច្ចេកទេសនៃគម្រោងនេះបាននិយាយថា យើងសង្ឃឹមថាឧស្សាហកម្មរថយន្តថ្មីនេះនឹងកាន់តែមាននិរន្តរភាពដូចជា Land Rover និង BMW។ ទោះជាយ៉ាងណាក៏ដោយ លោក Bob van Ginkel ក៏បានបន្តទៀតថា គម្រោងនេះនៅតែមានការងារជាច្រើនដែលត្រូវធ្វើមុនពេលចាប់ផ្តើមលក់ Stella Terra ជាផ្លូវការទៅកាន់ទីផ្សារពិភពលោក៕










