ថ្មីៗនេះ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដូចជាឥណ្ឌូនេសុី ម៉ាឡេសុី និងសិង្ហបុរី បានចាប់ផ្តើមប្រមូលគ្នា គ្រោងដេញថ្លៃជាសហម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤ ខណៈប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ឯកឧត្តម ខៀវ សាម៉េត ថាមានភាគរយតិចណាស់។

ទាក់ទងនឹងការដេញថ្លៃនេះខាងម៉ាឡេស៊ី បានដកខ្លួនចេញបាត់ទៅហើយ ស្របពេលដែលសិង្ហបុរី នៅមិនទាន់មានជំហរច្បាស់លាស់ ហេតុដូច្នេះនៅសល់តែឥណ្ឌូណេស៊ី និងអូស្ត្រាលី ខណ:អូស្ត្រាលី ក៏បានចេញសេចក្ដីថ្លែងការណ៍កាលពីខែមុន ចង់ធ្វើជាម្ចាស់ផ្ទះ តែមិនបានបញ្ជាក់ចូលរួមធ្វើជាមួយប្រទេសឥណ្ឌូណេស៊ីឡើយ។

ជុំវិញបញ្ហានេះ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ានចំនួន៩ប្រទេស បានសម្តែងការគាំទ្រប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2034 ជាងការរួមគ្នាធ្វើជាសហម្ចាស់ផ្ទះ ដោយលើកឡើងហេតុផលថា បញ្ហានយោបាយ ហិរញ្ញវត្ថុ និងបច្ចេកទេស៕

ប្រភព៖ DIPLOMAT