ប្រទេសថៃ ៖ មុនកិច្ចប្រជុំសភាតំណាងរាស្ត្រ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ប្រធានសភាតំណាងរាស្ត្របានបើកឱកាសឱ្យសមាជិកជជែកពិភាក្សាពីបញ្ហាផ្សេងៗ ហើយអ្នកនាង ឆាណុក ចាន់ថាថង (Chanok Chanthathong) សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សភឿថៃ ប្រចាំខេត្តណងខាយ បានលើកឡើងអំពីបញ្ហាពលករថៃ ដែលរងផលប៉ះពាល់ដោយសារការវា.យប្រហា.រនៅប្រទេសអ៊ីស្រាអែល ដោយពលករថៃទៅធ្វើការនៅអ៊ីស្រាអែល ស្មើនឹង២៥.០០០នាក់ ហើយក្នុងចំនួននេះ ជាពលករមកពីតំបន់ឦសាន ស្មើរហូតដល់១៩.០០០នាក់ ។
អ្នកនាង ឆាណុក ចាន់ថាថង សមាជិកសភាតំណាងរាស្ត្រប្រចាំខេត្តណងខាយ លើកឡើងថា ពលករថៃទៅធ្វើការនៅអ៊ីស្រាអែល ដោយសារពួកគេមានជីវភាពក្រីក្រ ហើយត្រូវខ្ចីប្រាក់គេដើម្បីបានទៅធ្វើការនៅក្រៅប្រទេស ។ ហេតុនេះ អ្នកនាងចង់អំពាវនាវទៅនាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីពាក់ព័ន្ធឱ្យជួយទំនាក់ទំនងទៅពួកគេ និងចាត់វិធានការជួយសង្គ្រោះពលករថៃនៅអ៊ីស្រាអែល ។ រដ្ឋាភិបាលគួរតែផ្តល់ប្រាក់ឱ្យក្រុមគ្រួសារស.ពពលករ, ជួយឧបត្ថម្ភពលករគ្មានការងារធ្វើ និងជម្លៀសពួកគេមកប្រទេសថៃវិញ ដើម្បីកាត់បន្ថយការបារម្ភពីពលករថៃនៅអ៊ីស្រាអែល ។
ចំណែកលោក អានុថីន ឆានវីរៈគូន (Anutin Chanvirakul) ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា បច្ចុប្បន្ន លោកបានបញ្ជាទៅនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ធ្វើការស្រាវជ្រាវ និងតាមដានគ្រួសាររបស់ពលករថៃនៅអ៊ីស្រាអែល ដែលរងផលប៉ះពាល់ដោយសារសង្គ្រា.មរួចហើយ ។ លើសពីនេះ លោកក៏បានទំនាក់ទំនងជាមួយក្រសួងការងារផងដែរ ករណីពលករថៃនៅអ៊ីស្រាអែលធ្វើដំណើរមកប្រទេសថៃវិញ ប៉ុន្តែគ្មានការងារធ្វើ ។ ដូច្នេះ យើងនឹងមានវិធានការជួយពួកគេបន្តទៀត ។
រីឯលោក ផីផាត រ៉ាជឆាកិច្ចប្រាកាន (Pipat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងពីការជួយសង្គ្រោះពលករថៃនៅអ៊ីស្រាអែលថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ អ្នករងរបួ.សចំនួន១៥នាក់បានធ្វើដំណើរចាកចេញពីប្រទេសអ៊ីស្រាអែល ហើយមកដល់ថៃនៅថ្ងៃទី១២ ខែតុលា ។ ចំណែកចំនួនអ្នកចុះឈ្មោះសុំធ្វើដំណើរត្រឡប់មកប្រទេសថៃវិញ គឺស្មើនឹង៣.០២៦នាក់ ។ ក្រុមការងារបានត្រៀមយន្តហោះកងទ័ពអាកាស ហើយនឹងទៅដល់អ៊ីស្រាអែល នៅថ្ងៃទី១៥ ខែតុលា ដើម្បីទទួលយកពលករថៃត្រឡប់មកផ្ទះវិញភ្លាមៗ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរអ៊ីស្រាអែល ៕ ប្រភព ៖ beartaiBRIEF










