ប្រទេសថៃ ៖ អ្នកនាង ថាផានី គៀតផៃប៊ូន (Thapanee Kiattipaiboon) មន្ត្រីអាជ្ញាធរទេសចរណ៍ថៃលើកឡើងថា នៅចុងឆ្នាំ២០២៣ វិស័យទេសចរណ៍ប្រទេសថៃបានប្រឈមនឹងផលប៉ះពាល់ចំនួន២ គឺ ៖ ហេតុការណ៍បា.ញ់ប្រហា.រនៅ Siam Paragon និងកើតសង្គ្រា.មកាន់តែធ្ងន់ធ្ងរនៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ។ ហេតុការណ៍បា.ញ់ប្រហា.រដែលបង្កឡើងដោយក្មេងប្រុសអាយុ១៤ឆ្នាំ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃរយៈពេលខ្លីទៅលើភ្ញៀវទេសចរចិន ជាពិសេស ក្រុមភ្ញៀវទេសចរមកប្រទេសថៃដោយខ្លួនឯង ។
អ្នកនាង ថាផានី គៀតផៃប៊ូន មន្ត្រីអាជ្ញាធរទេសចរណ៍ថៃបន្តថា ហេតុការណ៍នៅ Siam Paragon ធ្វើឱ្យគ្រប់គ្នាភ័យតក់ស្លុ.ត និងបារម្ភពីហេតុការណ៍កើតឡើង ដោយសារតួលេខការកក់សំបុត្រធ្វើដំណើរពីប្រទេសចិនមកថៃធ្លាក់ចុះ ។ ប៉ុន្តែសម្រាប់អ្នកធ្វើដំណើរមកប្រជុំ និងសិក្ខាសាលានៅប្រទេសថៃ គឺមានតួលេខធម្មតា និងគ្មានការលុបចោលការធ្វើដំណើរទេ ។
សង្គ្រាមនៅប្រទេសអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់ គឺជាហេតុការណ៍មួយធ្ងន់ធ្ងរ ហើយជាដំបូង វានឹងប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរមានភាពស្ទាក់ស្ទើរក្នុងការធ្វើដំណើរ ហើយពួកគេរង់ចាំមើលស្ថានការណ៍សិន ។ បច្ចុប្បន្ន មានភ្ញៀវទេសចរអ៊ីស្រាអែលធ្វើដំណើរមកប្រទេសថៃស្មើប្រមាណ១៨ម៉ឺននាក់ ហើយនៅចុងឆ្នាំ២០២៣ ថៃរំពឹងថា ភ្ញៀវទេសចរអ៊ីស្រាអែលនឹងកើនឡើងដល់២០ម៉ឺននាក់ ដោយសារមានជើងយន្តហោះត្រង់រវាងទីក្រុង Tel Aviv ជាមួយភូកេត និងក្រុងបាងកក ហើយនៅមិនទាន់មានការលុបការធ្វើដំណើរទេ ។
ចំណែកលោក ឆាន់ថាថាន់ គុនឆន (Chanthathan Kunchorn) មន្ត្រីទទួលបន្ទុកទេសចរណ៍នៅអាស៊ី និងប៉ាស៊ីហ្វិកខាងត្បូងលើកឡើងថា អាជ្ញាធរទេសចរណ៍ថៃ បានកែសម្រួលផែនការទីផ្សារទេសចរណ៍ជាច្រើនទម្រង់ ដើម្បីទប់ទល់នឹងស្ថានការណ៍គ្រោះថ្នាក់ទាំងអស់ ព្រមទាំងបានត្រៀមផែនការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រទេសថៃឱ្យភ្ញៀវទេសចរអាចមកលេងពេញមួយឆ្នាំផងដែរ ។ ប្រទេសថៃមិនចាំបាច់ផ្តោតតែលើទេសចរណ៍តាមរដូវកាលទេ ដើម្បីប្រាកដចិត្តថា នឹងមានភ្ញៀវទេសចរបរទេសមកកម្សាន្តនៅថៃកាន់តែច្រើន និងពេញមួយឆ្នាំ ។
រីឯអ្នកនាង វ៉ាន់ឡាផា ត្រៃសុរ៉ាត (Wanlapa Traisorat) នាយកក្រុមហ៊ុន Asset World Corp. ជឿជាក់ថា នៅត្រីមាសទី៤ ឆ្នាំ២០២៣ វិស័យទេសចរណ៍ថៃនឹងងើបឡើងវិញ ដោយសារចំនួនការកក់បន្ទប់ស្នាក់នៅ និងអត្រាតម្លៃបន្ទប់ក្នុង១យប់ គឺមានចំនួនស្មើគ្នានឹងមុនពេលផ្ទុះជំងឺកូវីដ-១៩ ។ ចំណែកភ្ញៀវទេសចរចិនចាប់ផ្តើមធ្វើដំណើរមកថៃជាបណ្តើរៗហើយ ប៉ុន្តែពួកគេនៅរង់ចាំមើលស្ថានការណ៍ជ្រួលច្របល់លើពិភពលោក ។ ខាងក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរទេសចរណ៍ប្រទេសថៃ និងមូលនិធិ «ម៉ែហ្វាហ្លួង» អនុវត្តគម្រោង AWC Stay to Sustain ដើម្បីជំរុញថៃឱ្យក្លាយជាប្រទេសគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាពលំដាប់ពិភពលោក ៕
ប្រភព ៖ 3plus News










