ប្រទេសព្រុយណេ ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Empire Brunei លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានជួបពិភាក្សាជាមួយនាយកគ្រប់គ្រង Brunei Investment Agency (BIA) នៅប្រទេសព្រុយណេ ក្នុងគោលបំណងជំរុញប្រទេសថៃឱ្យក្លាយជាមជ្ឈមណ្ឌលអាហារហាឡាល ។
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបានលើកឡើងពីកិច្ចសហការក្នុងផ្នែកមានសក្តានុពលរបស់ប្រទេសថៃ និងព្រុយណេ ។ តាមរយៈការពិភាក្សាជាមួយព្រះមហាក្សត្រព្រុយណេ ពាក់ព័ន្ធនឹងការនាំចេញផលិតផលហាឡាលរបស់ថៃ និងសន្តិសុខស្បៀងអាហារ គឺចាត់ទុកថា វាជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយចម្បងរបស់ថៃ ដើម្បីក្លាយជាមជ្ឈមណ្ឌលអាហារហាឡាល ។ ប្រទេសថៃមានវត្ថុធាតុដើម និងអាចអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់ជួយកែលម្អ, ផ្លាស់ប្តូរ និងអភិវឌ្ឍន៍គុណភាពម្ហូបអាហារ (Food Technology) ផងដែរ ។
បើទោះជាស្ថិតក្នុងដំណាក់កាលចាប់ផ្តើមដំបូងក្តី ប៉ុន្តែរដ្ឋាភិបាលថៃប្តេជ្ញាថា នឹងបោះជំហានទៅមុខ ហើយជឿជាក់ថា នឹងមានទីផ្សារនាំចេញយ៉ាងពិតប្រាកដ ។ លើសពីនេះ ប្រទេសព្រុយណេ គឺជាចំណុចតភ្ជាប់សម្រាប់ជនមូស្លីម ដែលធ្វើឱ្យរដ្ឋាភិបាលថៃកាន់តែជឿជាក់ថា ប្រទេសថៃនឹងអាចបន្តកិច្ចសហការនេះ ។
ចំណែកនាយកគ្រប់គ្រង Brunei Investment Agency (BIA) លើកឡើងថា BIA បានត្រៀមចរចាដើម្បីពង្រឹងកិច្ចសហការ ហើយប្រទេសព្រុយណេផ្តល់ភាពសំខាន់លើសន្តិសុខស្បៀងអាហារ ខណៈព្រុយណេទើបបើកប្រទេសក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ប្រទេសព្រុយណេបានសហការលើការនាំចេញអង្ករជាមួយថៃ ខណៈថៃជាប្រទេសនាំមុខគេផ្នែកកសិកម្ម ។ ដូច្នេះ នាយកគ្រប់គ្រង BIA សង្ឃឹមថា នឹងអាចសហការគ្នាកាន់តែជិតស្និទ្ធក្នុងផ្នែកនេះ ។
លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាថា នឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរផងដែរ ដើម្បីឱ្យកិច្ចសហការនេះឆ្ពោះទៅមុខលើតំបន់មានសក្តានុពលរួម ។ ប្រទេសព្រុយណេសង្ឃឹមថា នឹងអាចរៀនសូត្រពីបទពិសោធន៍ និងជំនាញនានាពីប្រទេសថៃក្នុងផ្នែកផ្សេងៗបន្តទៀត ។
Brunei Investment Agency (BIA) គឺជាភ្នាក់ងារវិនិយោគដែលបង្កើតឡើងដោយព្រះមហាក្សត្រព្រុយណេ ក្នុងគោលបំណងគ្រប់គ្រងទុនបម្រុងរបស់ព្រុយណេ តាមរយៈការវិនិយោគលើទ្រព្យសម្បត្តិផ្សេងៗរបស់បណ្តាប្រទេសលើពិភពលោក ។ ភ្នាក់ងារនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលព្រុយណេ ដែលមានក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចគ្រប់គ្រងដោយផ្ទាល់ និងមានការិយាល័យកណ្តាលនៅបាន់ដាសេរី បេហ្គាវ៉ាន់ ប្រទេសព្រុយណេ ៕
ប្រភព ៖ 3plus News










