នៅព្រឹកថ្ងៃទី៩ តុលា តម្លៃប្រេងឆៅប្រេនធ៍(Brent) របស់អង់គ្លេសបានកើនឡើង៤.៩%ប្រមាណ ៨៨.៧ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅតិចសាស់អាម៉េរិកភាគខាងលិច(U.S. West Texas Intermediate) បានកើនឡើង ៥.១ភាគរយនាំឱ្យប្រេងឡើងដល់ ៨៧ដុល្លារក្នុងមួយបារ៉ែល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
អ្នកវិភាគនៅធនាគារ បានឱ្យដឹងថាអស្ថិរភាពនយោបាយនៅមជ្ឈិមបូព៌ានឹងធ្វើឱ្យតម្លៃប្រេងមានការកើនឡើង ហើយការប្រែប្រួលនាពេលអនាគតត្រូវបានគេរំពឹងថានឹងមានកាន់តែច្រើនអាចឈានដល់១០០ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើសហរដ្ឋអាម៉េរិករឹតបណ្តឹងការអនុវត្តទណ្ឌកម្ម។
ព្រឹត្តិការណ៍នេះអាចអូសទាញកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិកក្នុងការផ្សះផ្សាអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល។ ប្រសិនបើអារ៉ាប៊ីសាអូឌីត ធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល នោះនឹងមានកិច្ចព្រមព្រៀងការពារជាតិជាមួយអាម៉េរិក ហើយត្រូវតែបង្កើនការផលិតប្រេង។ នេះនឹងជួយកាត់បន្ថយការខ្វះខាតការផ្គត់ផ្គង់កាលពីប៉ុន្មានខែមុន ដោយសារតែរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតរឹតបន្តឹងការផលិតប្រេងឆៅ។
បច្ចុប្បន្នទីផ្សារកំពុងរង់ចាំការឆ្លើយតបរបស់អ៊ីរ៉ង់ ខណៈដែលអ៊ីស្រាអែលបានចោទប្រកាន់ប្រទេសនេះថាបានចូលរួមក្នុងការវាយប្រហារនេះ។ មន្ត្រីអាម៉េរិកបាននិយាយនៅថ្ងៃទី ៨ ខែតុលាថា ពួកគេកំពុងស៊ើបអង្កេតតួនាទីរបស់អ៊ីរ៉ង់ ប៉ុន្តែមិនបានឃើញភស្តុតាងណាមួយទេ។
ការវាយប្រហារនេះនឹងមានឥទ្ធិពលធំ និងយូរអង្វែងលើទីផ្សារប្រេង ប្រសិនបើការផ្គត់ផ្គង់ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ហើយសកម្មភាពដឹកជញ្ជូនត្រូវបានរំខាន។ ប្រសិនបើបណ្តាប្រទេសលោកខាងលិចជឿថាអ៊ីរ៉ង់មានតួនាទីនៅក្នុងព្រឹត្តិការណ៍នេះ ការផ្គត់ផ្គង់ និងការនាំចេញពីអ៊ីរ៉ង់ពិតជាត្រូវបានគំរាមកំហែង៕










