ជាងមួយសប្តាហ៍បន្ទាប់ពីភ្លើងឆេះរោងការក្នុងប្រទេសអ៊ីរ៉ាក់ កូនក្រមុំ និងកូនកំលោះបាននិយាយចេញមកជាលើកដំបូងដោយបង្ហាញពីបំណងចង់ចាកចេញទៅរស់នៅកន្លែងផ្សេង ព្រោះការឈឺចាប់ខ្លាំងពេក។
Revan ដែលជាកូនកំលោះអាយុ ២៧ឆ្នាំអង្គុយក្បែរ Haneen ដែលជាកូនក្រមុំអាយុ ១៨ឆ្នាំបាននិយាយថា “វាជាទីបញ្ចប់ យើងមិនអាចរស់នៅទីនេះទៀតទេ យើងមិនអាច។រាល់ពេលដែលយើងព្យាយាមស្វែងរកសុភមង្គល នោះមានរឿងអាក្រក់កើតឡើង ដូច្នេះហើយ យើងគួរតែចាកចេញពីតំបន់នោះប្រសើរជាង”។
គួរបញ្ជាក់ផងដែរថា សោកនាដកម្មនៅល្ងាចថ្ងៃទី ២៦ ខែកញ្ញានៅឯកន្លែងរៀបអាពាហ៍ពិពាហ៍នៅទីក្រុង Qaraqosh ស្រុក Hamdaniya បានឆក់យកជីវិតមនុស្ស ១០៧ នាក់។ កូនកំលោះបានបាត់បង់សមាជិកគ្រួសារ ១៥នាក់។ ចំណែកឯកូនក្រមុំនៅតែតក់ស្លុតខ្លាំងនិយាយមិនចេញនៅពេលដែលសាច់ញាតិ១០នាក់បានទទួលមរណភាព រួមទាំងម្ដាយ និងប្អូនប្រុសរបស់នាងខណៈឪពុករបស់នាងក៏ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
គ្រួសាររបស់ Revan បច្ចុប្បន្នរស់នៅក្នុងជីវិតសម្ងាត់ និងស្ងប់ស្ងាត់។ មនុស្សមួយចំនួននៅក្នុងទីក្រុងបានស្តីបន្ទោសពួកគេចំពោះសោកនាដកម្មនេះ។ ឪពុកកូនកំលោះធ្លាប់បង្ហាញក្តីបារម្ភពីហានិភ័យនៃកាំជ្រួចធ្លាក់លើសម្លៀកបំពាក់កូនក្រមុំហើយឆេះ ប៉ុន្តែម្ចាស់កន្លែងរៀបអាពាហ៍ពិពាហ៍ក្នុងប្រទេសអ៊ីរ៉ាក់បញ្ជាក់ថានេះជាកាំជ្រួចអគ្គិសនីអាចប៉ះដោយដៃបានសូម្បីតែប្លាស្ទិកក៏មិនឆេះដែរ៕










