អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាស និងបានធ្វើការបកស្រាយភ្លាមៗ បន្ទាប់ពីសាធារណជន ជាពិសេសអ្នកចូលចិត្តថតរូប ឬផលិតករជាច្រើន ដែលចង់ផលិតភាពយន្ត ឬថតMV បានបញ្ចេញមតិនៅលើបណ្តាញសង្គម ដោយលើកឡើងថា៖”អាជ្ញាធរជាតិអប្សរា មានការរឹតត្បិតចំពោះការថតវីដេអូ ឬថតរូបនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ទោះបីជាពួកគេថតបែបលក្ខណៈអាពាហ៍ពិពាហ៍ទេសចរណ៍ ឬចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួនក្តី”។
ទាក់ទងនឹងករណីនេះ អាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖”អនុលោមតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ការផលិតភាពយន្ត ភាពយន្តភាគតាមទូរទស្សន៍ ភាពយន្តឯកសារ ចម្រៀងកាយវិការ ចាំបាច់ត្រូវសុំការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ”។
មិនតែប៉ុណ្ណោះអាជ្ញាធរជាតិអប្សរា ក៏បានសង្កត់ធ្ងន់ទៀតថា៖”រាល់ការស្នើសុំ ផលិតករត្រូវភ្ជាប់ពាក្យស្នើសុំ និងអត្ថបទនិពន្ធរឿង (ភាពយន្ត) និងអត្ថបទចម្រៀង(ចម្រៀងកាយវិការ) ។ ចំពោះការផ្តល់លិខិតអនុញ្ញាតនឹងផ្តល់ជូនរយ:ពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ(សម្រាប់ភាពយន្ត) និងរយ:ពេល ៥ថ្ងៃ (សម្រាប់ចម្រៀងកាយវិការ)”៕











