LISA សមាជិក BLACKPINK ត្រូវបានទទួលស្គាល់ថាជាទេពកោសល្យតន្ត្រីដ៏លេចធ្លោមួយក្នុងទសវត្សរ៍នេះ ដោយសមិទ្ធិផលល្បីល្បាញរបស់នាងនៅទូទាំងវេទិកាតន្ត្រីផ្សេងៗ។ ជាងនេះទៅទៀត Lisa ដើរតួយ៉ាងសំខាន់ជាទូតសុឆន្ទៈវប្បធម៌មានឥទ្ធិពលដល់យុវជន និងរួមចំណែកដល់សេដ្ឋកិច្ចគ្រប់ទីកន្លែងដែលនាងទៅ។ ក្នុងការកោតសរសើរចំពោះការរួមចំណែករបស់នាង ក្រសួងវប្បធម៌របស់ប្រទេសថៃនឹងផ្តល់កិត្តិយសដល់នាងជាមួយនឹងការលើកសរសើរដ៏សំខាន់។
នៅឆ្នាំនេះ ក្រសួងវប្បធម៌របស់ប្រទេសថៃនឹងណែនាំពានរង្វាន់ Wattanakunathorn Award ឬ Leader Cultural ដែលគ្រោងនឹងប្រគល់ជូន Lisa សម្រាប់ការរួមចំណែកដ៏គួរឱ្យសរសើររបស់នាងចំពោះវប្បធម៌ថៃនៅលើឆាកអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន allKpop នាថ្ងៃទី២ តុលា។
ការទទួលបានពានរង្វាន់នេះបន្ទាប់កិច្ចខិតខំប្រឹងប្រែងរបស់ Lisa ក្នុងការបង្ហាញពីវប្បធម៌ថៃ ដូចជាការស្លៀកពាក់បែបប្រពៃណីថៃនៅក្នុងអាល់ប៊ុមទោល Lalisa ទៅលើបទ របស់នាង មិនត្រឹមតែមានការភ្ញាក់ផ្អើលជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់អាជីវករក្នុងស្រុកផងដែរក្នុងការលក់មកុដដែល Lisa ពាក់ថត។
លើសពីនេះ គ្រាន់តែ Lisa ញុំាប្រហិតសាច់មួយទឹកជ្រលក់ម្ទេសថៃបានបង្កើតឱ្យមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខម្ហូបនេះនៅខេត្តបុរីរម្យ។ ស្រដៀងគ្នានេះដែរ ការបង្ហោះនៅលើបណ្តាញសង្គមរបស់ Lisa អំពីដំណើរកម្សាន្តទៅកាន់ទីក្រុងបុរាណអយុធ្យា និងការរំលេចអាហារថៃបានពង្រីកប្រជាប្រិយភាពនៃវប្បធម៌ និងម្ហូបថៃ ដែលនាំឱ្យការលក់កើនឡើង និងការកោតសរសើរចំពោះអាហារទាំងនេះ។
ទោះយ៉ាងណាប្រភពដដែលបានបញ្ជាក់ថា នៅមិនទាន់មានរបាយការណ៍ជាក់លាក់ណាមួយអំពីកាលបរិច្ឆេទសម្រាប់ថ្ងៃផ្តល់រង្វាន់នោះទេ ប៉ុន្តែគេប៉ាន់ស្មានថាអាចឆាប់ៗនេះ ហើយនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌ប្រទេសថៃ៕










