ប្រទេសថៃ ៖ លោក Phumitham Wechachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសថៃលើកឡើងថា ក្រសួងពាណិជ្ជកម្មបានជួយជំរុញគោលនយោបាយបន្ទាន់របស់រដ្ឋាភិបាល ក្នុងការបញ្ចុះតម្លៃទំនិញរហូតដល់ជាង១៥ម៉ឺនប្រភេទ ដោយគិតចាប់ពីថ្ងៃទី២ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។ ក្រសួងពាណិជ្ជកម្មរំពឹងថា ការបញ្ចុះតម្លៃទំនិញលើកនេះនឹងជួយសម្រាលបន្ទុកការចំណាយក្នុងជីវភាពរស់នៅរបស់ពលរដ្ឋថៃទាំងអស់ ។
ក្រុមទំនិញដែលត្រូវបញ្ចុះតម្លៃបែងចែកជា៣ប្រភេទ រួមមាន ៖
១-ម្ហូបអាហារ និងភេសជ្ជៈ ៖ មានដូចជា អាហារកញ្ចប់, អង្ករ, គ្រឿងផ្សំដាក់ដប និងភេសជ្ជៈ សរុបចំនួន៣.០៥៨ប្រភេទ គឺនឹងបញ្ចុះតម្លៃរហូតដល់៨៧%
២-សម្ភារៈប្រើប្រាស់ចាំបាច់ ៖ មានដូចជា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ, សម្ភារៈអគ្គិសនី, សម្ភារៈតុបតែងលំនៅឋាន, ឧបករណ៍ជាង ថ្នាំ និងសម្ភារៈពេទ្យ សរុបចំនួន៨.២៩០ប្រភេទ គឺនឹងបញ្ចុះតម្លៃរហូតដល់៨០%
៣-ផលិតផលពាក់ព័ន្ធនឹងកសិកម្ម ៖ មានដូចជា ជីកសិកម្ម និងចំណីសត្វ សរុបចំនួន១៩៨ប្រភេទ គឺនឹងបញ្ចុះតម្លៃរហូតដល់៤០%
ក្រៅពីនេះ សេវាកម្មចំនួន៣ប្រភេទនឹងបញ្ចុះតម្លៃផងដែរ រួមមាន ៖
១-សេវាកម្មវេជ្ជសាស្ត្រ ចំនួន១៤ម៉ឺនប្រភេទ គឺនឹងបញ្ចុះតម្លៃ២០%
២-សេវាកម្មជួសជុល និងថែទាំរថយន្ត ចំនួន១២៣ប្រភេទ គឺនឹងបញ្ចុះតម្លៃរហូតដល់៥០%
៣-សេវាកម្មដឹកជញ្ជូនទំនិញ ចំនួន៧ប្រភេទ គឺនឹងបញ្ចុះតម្លៃរហូតដល់៦៩%
លោក Phumitham Wechachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានសម្តែងការអរគុណដល់ក្រុមហ៊ុនទាំងអស់ ដែលបានចេញមកប្រកាសបញ្ចុះតម្លៃទំនិញ និងសេវាកម្មផ្សេងៗ ជាមួយក្រសួងពាណិជ្ជកម្មលើកនេះ ។ លោកបន្តថា ក្រៅពីការបញ្ចុះតម្លៃទំនិញ និងសេវាកម្ម នឹងជួយសម្រាលបន្ទុកការចំណាយក្នុងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋហើយ វាក៏បានជួយជំរុញឱ្យពលរដ្ឋបានចំណាយ និងជំរុញសេដ្ឋកិច្ចប្រទេសថៃនៅចុងឆ្នាំ២០២៣ ផងដែរ ៕
ប្រភព ៖ beartai










