ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីបានសម្ពោធជាផ្លូវការនៅផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលមានឈ្មោះថា WHOOSH កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា រថភ្លើងនេះមានល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចធ្វើដំណើរពីរដ្ឋធានី Jakarta ទៅកាន់រដ្ឋធានី Bandung នៃខេត្ត West Java ក្នុងរយៈពេល ៤៥ នាទីប៉ុណ្ណោះ ខណៈដែលការធ្វើដំណើរកាលពីមុនតាមរថភ្លើងធម្មតាចំណាយពេលប្រហែល ៣ ម៉ោងឯណោះ។ WHOOSH គឺជាផ្លូវរថភ្លើងល្បឿនលឿនប្រវែង ១៣៨ គីឡូម៉ែត្រ ដែលវាមានសមត្ថភាពអាចដំណើរការដោយថាមពលអគ្គីសនី និងគ្មានការបំភាយកាបូន រួមទាំងសន្សំពេលវេលា បូកជាមួយប្រតិបត្តិការដ៏ល្អប្រសើរ និងជាប្រព័ន្ធដែលអាចទុកចិត្តបាន។
ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បានថ្លែងក្នុងពិធីសម្ពោធខ្សែរថភ្លើងល្បឿនលឿនថា “រថភ្លើងល្បឿនលឿន Jakarta- Bandung គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រព័ន្ធដឹកជញ្ជូនសាធារណៈប្រកបដោយប្រសិទ្ធភាព ងាយស្រួលប្រើ និងរួមបញ្ចូលគ្នា។ វាគឺជានិមិត្តសញ្ញានៃភាពទំនើបកម្មរបស់យើងក្នុងវិស័យដឹកជញ្ជូនសាធារណៈ ជាមួយនឹងការតភ្ជាប់គ្មានថ្នេរនឹងមធ្យោបាយដឹកជញ្ជូនផ្សេងទៀត”។ លោកប្រធានាធិបតី Widodo ក៏បានបន្តទៀតថា រថភ្លើងដែលមានកៅអី ៦០០ នេះគឺជាការដឹកជញ្ជូនផ្លូវដែកល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍។
ផ្លូវរថភ្លើងល្បឿនលឿន WHOOSH ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០១២ នឹងរំពឹងថាបញ្ចប់នៅឆ្នាំ ២០១៩ ដោយចំណាយថវិកាតិចជាង ៥ ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារប្រទេសឥណ្ឌូនេស៊ីបានជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងអំឡុងពេលសាងសង់ និងជំងឺរាតត្បាត Covid-១៩ ដែលបណ្តាលឱ្យគម្រោងនេះ មានរយៈពេល ៤ បន្ថែមទៀត ក៏ដូចជាការចំណាយរហូតដល់ ៧.៣ ពាន់លានដុល្លារអាមេរិក៕

ប្រភព៖vnexpress










