ប្រទេសប្រេស៊ីល ៖ នេះគឺជារូបភាពរបស់ហ្វូងត្រីរាប់រយក្បាលដែលបានងា.ប់ពាសពេញទន្លេ នៅក្នុងតំបន់អាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល ក្រោយពីប្រឈមនឹងសីតុណ្ហភាពទឹកកើនឡើងខ្ពស់ និងកម្រិតទឹកស្រកចុះ ខណៈប្រទេសប្រេស៊ីលមានបញ្ហាខ្វះខាតទឹកស្អាតដោយសារគ្រោះរាំងស្ងួត ។ អាជ្ញាធរប្រេស៊ីលជឿជាក់ថា នេះគ្រាន់តែជាចំណុចចាប់ផ្តើមរបស់គ្រោះមហន្តរាយប៉ុណ្ណោះ ។
រដ្ឋាភិបាលប្រេស៊ីលត្រៀមបញ្ជូនមន្ត្រីមកជួយសង្គ្រោះពលរដ្ឋក្នុងតំបន់អាម៉ាហ្សូន ចំនួន១១ម៉ឺន១ពាន់នាក់ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ។ កម្រិតទឹកស្រកចុះ និងក្តៅខ្លាំងពេក ក្រៅពីធ្វើឱ្យត្រីងា.ប់ហើយ វាក៏បានប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវទឹក, បរិមាណអាហារ និងទឹកស្អាតផងដែរ ដោយសារពលរដ្ឋរស់នៅក្នុងតំបន់នេះបរិភោគត្រីក្នុងទឹកទន្លេសម្រាប់ចិញ្ចឹមជីវិត ។
អ្នកនាង ឃែរ៉ូឡៃ ស៊ីល្វា ជាអាជីវករនិយាយថា ៖ «វាពិបាកណាស់ ដោយសារមានជាតិពុលនៅក្នុងទឹក ហើយយើងចាំបាច់ត្រូវប្រើប្រាស់ទឹកនេះសម្រាប់ងូត ។ កន្លងមក យើងធ្លាប់ផឹកទឹកនេះបាន ប៉ុន្តែនៅពេលវាមានជាតិពុល យើងមិនអាចផឹកបានទៀតទេ ។ ដូច្នេះ ឪពុករបស់ខ្ញុំបានធ្វើដំណើរទៅកាន់ទីក្រុង ដើម្បីទិញទឹកយកមកប្រើប្រាស់» ។
ចំណែកភ្នាក់ងារការពារសុវត្ថិភាពពលរដ្ឋដាស់តឿនថា គ្រោះរាំងស្ងួតបានកើតឡើងដោយសារបាតុភូតអេនីណូ និងពិភពលោកក្តៅ ហើយវាអាចប៉ះពាល់ដល់ការរស់នៅរបស់មនុស្ស រហូតដល់៥សែននាក់នៅតំបន់អាម៉ាហ្សូន ។
ចុងក្រោយ កងទ័ពអាកាសប្រេស៊ីលត្រៀមបញ្ជូនកងកម្លាំងជំនាញរបស់រដ្ឋាភិបាលផ្នែកផ្លូវអាកាសទៅកាន់រដ្ឋអាម៉ាសូណាស់ និងរដ្ឋអេឃ័រ ព្រមទាំងមានទឹកស្អាត, ម្ហូបអាហារ, ថ្នាំសង្កូវ និងសម្ភារៈផ្សេងៗទៅចែកជូនពលរដ្ឋ ។ លើសពីនេះ រដ្ឋាភិបាលនឹងបែងចែកប្រាក់ចំនួន១៤០លានដុល្លារអាមេរិកសម្រាប់ស្តារទន្លេ និងអភិវឌ្ឍន៍កំពង់ផែក្នុងតំបន់នេះ ដើម្បីអាចធ្វើដំណើរទៅមកបាន បើទោះជាកម្រិតទឹកស្រកចុះក្តី ៕ ប្រភព ៖ TNN World










