ទីក្រុងប៊្រុចសែលស៍ (Brussels)៖ សហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយ ជាមួយនឹងប្រទេសចិន ប៉ុន្ដែប្លុកសេរីមួយនេះ ក៏មិនស្ទាក់ស្ទើរនឹងការធ្វើសង្គ្រាមពាណិជ្ជកម្ម ជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង នោះដែរ ព្រោះតែ អឺរ៉ុប ចង់ការពារដល់ក្រុមហ៊ុនផលិតរថយន្ដ នៅក្នុងប្លុករបស់ខ្លួន ខណៈក្រុមហ៊ុន Tesla របស់លោកមហាសេដ្ឋី អេឡុន ម៉ាស់ខ៍ (Elon Musk) និង ក្រុហ៊ុនផលិតរថយន្ដ ជាច្រើនទៀត ក៏ស្ថិតក្រោមការត្រួតពិនិត្យ នៅក្នុងការស៊ើបអង្កេតរបស់អឺរ៉ុប លើឧបត្ថម្ភមធនរថយន្ដអគ្គិសនីរបស់ប្រទេសចិន។
សារព័ត៌មាន African News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ថា ឧស្សាហកម្មរថយន្តអគ្គិសនី (EV) មានទំនាក់ទំនង ជាមួយនឹងប្រទេសចិន ត្រូវបានរកឃើញ ថា វាជាចំណុចកណ្តាល នៃការស៊ើបអង្កេតដ៏សំខាន់ ដឹកនាំ ដោយសហភាពអឺរ៉ុប។ សកម្មភាពទាំងនេះ កំពុងតែចាប់ផ្តើមឡើង ស្របពេលប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អើស៊ូឡា វ៉ន់ ដឺរ ឡេយ៉ែន (Ursula von der Leyen) បានប្រកាស អំពីការស៊ើបអង្កេត ប្រឆាំងនឹងការឧបត្ថម្ភធន លើរថយន្តអគ្គិសនី ផលិតនៅក្នុងប្រទេសចិន នៅក្នុងអំឡុងពេលសុន្ទរកថា ទៅកាន់រដ្ឋសហភាពរបស់លោកស្រី កាលពីដើមខែកញ្ញា។
ការដាក់ចេញវិធានការបែបនេះ នឹងមានផលប៉ះពាល់យ៉ាងទូលំទូលាយ មិនត្រឹមតែ សម្រាប់ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផលប៉ះពាល់ទៅលើក្រុមហ៊ុនផលិតរថយន្ដផ្សេងៗទៀត នៅទូទាំងពិភពលោក មានដូចជា ក្រុមហ៊ុន Tesla និង ក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀតរបស់អឺរ៉ុប ដែលនាំចេញរថយន្ដ មកពីប្រទេសចិន ចូលមកកាន់សហភាពអឺរ៉ុប វិញ ផងដែរ។
លោក វ៉ាលឌីស ដូមប្រូវស្គីស (Valdis Dombrovskis) អនុប្រធានប្រតិបត្តិសហភាពអឺរ៉ុប បានបញ្ជាក់ ថា សហភាពអឺរ៉ុប មានភស្តុតាងគ្រប់គ្រាន់ សម្រាប់បង្ហាញ អំពីភាពត្រឹមត្រូវ ចំពោះការស៊ើបអង្កេត លើការនាំចូលរថយន្តប្រើប្រាស់អគ្គិសនី មកពីប្រទេសចិន។ ជាមួយគ្នានេះដែរ សហភាពអឺរ៉ុប មានការព្រួយបារម្ភ ថា ការនាំចូលរថយន្ដ ដែលត្រូវបានឧបត្ថម្ភធនដោយរដ្ឋទាំងនេះ អាចមានសក្តានុពល គ្របដណ្តប់លើវិស័យឧស្សាហកម្មរថយន្ត នៅអឺរ៉ុប ដោយបង្កើតឱ្យមានទីផ្សារមិនស្មើភាពគ្នា។
លោកអនុប្រធានប្រតិបត្តិសហភាពអឺរ៉ុប បានសង្កត់ធ្ងន់ ថា ការស៊ើបអង្កេតនេះ មិនបានកំណត់ ចំពោះតែម៉ាកយីហោរបស់ប្រទេសចិន តែមួយប៉ុណ្ណោះទេ។ សហភាពអឺរ៉ុប ក៏បង្កើនលទ្ធភាពត្រួតពិនិត្យ ទៅលើក្រុមហ៊ុនផលិតរថយន្ដផ្សេងៗទៀត ផងដែរ៕










