នៅរសៀលថ្ងៃទី២៨ ខែកញ្ញា នេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសសម្រេច បិទមន្ទីរព្យាបាលឯកជន «តូច យ៉ាន» ដោយមូលហេតុមន្ទីរសម្រាកព្យាបាលនេះប្រើប្រាស់បុគ្គលិកមិនមានគុណវុឌ្ឍស្របទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជា្ជជីវៈ សុខាភិបាល និងបានក្លែងបន្លំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះគណៈគ្រូពេទ្យក្លែងក្លាយ ព្រមទាំងអនុវត្តមិនបានត្រឹម ត្រូវតាមបទដ្ឋានស្តង់ដារអប្បបរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជន។
លិខិតចុះថ្ងៃទី២៧ កញ្ញា បានបញ្ជាក់ថាយោងតាមការចាំបាច់របស់ក្រសួងសុខាភិបាល
សម្រេចការបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ តូច យ៉ាន ដែលមានទីតាំងនៅផ្ទះលេខ ១៦-១៨-២០-២២ ផ្លូវលេខ១៦ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយោងទៅតាមមូលហេតុខាងលើនេះ។
ក្រសួងបានបញ្ជាក់ថា ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ២០៥/២០ អបស/មព ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល។ អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត តូច យ៉ន មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ 










