ពិតណាស់ ទឹកត្រជាក់មិនថាយើងងូត ឬផឹកនោះទេ គឺវាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ ដែលវាជួយរំញោចអារម្មណ៍ឱ្យស្រស់ស្រាយ និងបំបាត់ភាពតានតឹង ឬតប់ត្រមល់។ ដូច្នេះហើយ តើទឹកត្រជាក់មានអត្ថប្រយោជន៍អ្វីខ្លះ?
១.កាត់បន្ថយសីតុណ្ហភាពរាងកាយ៖ ទឹកត្រជាក់ គឺល្អសម្រាប់រាងកាយ មិនថាអ្នកផឹកក្នុងសីតុណ្ហភាពបែបណាក៏ដោយ។ ទឹកត្រជាក់ក៏មិនខុសពីទឹកក្ដៅ គឺល្អដូចគ្នា ជាពិសេសសម្រាប់កីឡា ឬលំហាត់ប្រាណ ការផឹកទឹកត្រជាក់ ជួយកាត់បន្ថយសីតុណ្ហភាពស្នូលក្នុងខ្លួនបានល្អ កាត់បន្ថយការបែកញើស និងរក្សាកម្រិតជាតិទឹកក្នុងខ្លួនបានយ៉ាងល្អ។
២.ដុតកាឡូរី៖ យោងតាមការសិក្សា បានឱ្យដឹងថា ការផឹកទឹកត្រជាក់ ១.៥ លីត្រមុនពេលទទួលទានអាហារ ត្រូវបានគេរកឃើញថាអាចជួយបញ្ចុះទម្ងន់បានខ្លះ ដោយសារតែយើងត្រូវការថាមពល ដើម្បីរក្សាសីតុណ្ហភាពក្នុងរាងកាយ។
៣.កាត់បន្ថយការឈឺចាប់សាច់ដុំ៖ បន្ទាប់ពីធ្វើលំហាត់ប្រាណមានការឈឺសាច់ដុំ ការងូតទឹកត្រជាក់ នឹងរឹតបន្តឹងសរសៃឈាមរបស់យើង កាត់បន្ថយលំហូរឈាម ក៏ដូចជាជួយកាត់បន្ថយការហើម និងការរលាក។
៤.កាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត៖ យោងតាមការស្រាវជ្រាវ បានឱ្យដឹងថា ការងូតទឹកត្រជាក់ពីរដងក្នុងមួយថ្ងៃ អាចជួយបំបាត់ការធ្លាក់ទឹកចិត្ត និងការថប់បារម្ភ សម្រាប់អ្នកជំងឺមួយចំនួន។
៥.ជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ៖ ការងូត ឬផឹកទឹកត្រជាក់ជារៀងរាល់ថ្ងៃ ជាពិសេសនៅរដូវក្តៅ នឹងពង្រឹងសមត្ថភាពរបស់អ្នកក្នុងការប្រយុទ្ធជាមួយជំងឺ ក៏ដូចជាជួយបង្កើនភាពស៊ាំប្រឆាំងនឹងដុំសាច់ផងដែរ៕










