បរទេស៖ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង KCNA ដែលបានរាយការណ៍នៅថ្ងៃទី ២៧ ខែកញ្ញាថា រដ្ឋសភាកូរ៉េខាងជើងបានយល់ព្រមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ រួមទាំងគោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែររបស់ប្រទេស។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយក្នុងកិច្ចប្រជុំសភាថា គោលនយោបាយកសាងកងកម្លាំងនុយក្លេអ៊ែរបានក្លាយជាផ្នែកថេរនៃច្បាប់មូលដ្ឋានរបស់ប្រទេស។ លោក គីម ជុងអ៊ុន ក៏បានអំពាវនាវឱ្យបង្កើនល្បឿននៃការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ ដើម្បីរក្សាអត្ថប្រយោជន៍រារាំងជាយុទ្ធសាស្ត្រ ក៏ដូចជាស្នើឱ្យមន្ត្រីពង្រឹងសាមគ្គីភាពជាមួយបណ្តាប្រទេសដែលប្រឆាំងសហរដ្ឋអាមេរិក និងយុទ្ធសាស្ត្រអនុត្តរភាពលោកខាងលិច។ មេដឹកនាំកូរ៉េខាងជើង ក៏បានរិះគន់លើសម្ព័ន្ធភាពត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងថាជា “កំណែទម្រង់អាស៊ីរបស់ណាតូ”។
ការប្រកាសនេះត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងធ្វើព្យុហយាត្រាយោធាដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេល ១០ ឆ្នាំកាលពីថ្ងៃទី ២៦ ខែកញ្ញា។ យោងតាមប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយថា “កូរ៉េខាងជើងត្រូវតែដឹងយ៉ាងច្បាស់ថាអាវុធនុយក្លេអ៊ែរនឹងមិនអាចធានាសន្តិសុខរបស់ពួកគេបានទេ ដូច្នេះកូរ៉េខាងជើងនឹងលែងមាន ប្រសិនបើប្រទេសនេះប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះកូរ៉េខាងជើងបានអនុម័តច្បាប់ដែលអនុញ្ញាតឱ្យមានការវាយប្រហារនុយក្លេអ៊ែរជាមុន “ដោយស្វ័យប្រវត្តិ និងភ្លាមៗ” ដើម្បីបំផ្លាញកងកម្លាំងអរិភាព នៅពេលដែលប្រទេសមួយផ្សេងទៀតបង្កើតការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងព្យុងយ៉ាង។
បច្ចុប្បន្ន កូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួនប្រាំមួយ ដែលជាឧបករណ៍ថ្មីៗបំផុត នឹងដាក់ឱ្យដំណើរការនូវប្រភេទមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ជាច្រើនប្រភេទ ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងនោះមីស៊ីល Hwasong-១៧ មានរយៈចម្ងាយប៉ាន់ស្មានរហូតដល់ ១៥,០០០ គីឡូម៉ែត្រ មានកម្លាំងបំផ្លិចបំផ្លាញប្រហែល ១០០ គីឡូតោន ប្រហែលប្រាំដងនៃគ្រាប់បែកបរមាណូដែលអាមេរិកបានទម្លាក់លើទីក្រុងណាហ្គាសាគីរបស់ប្រទេសជប៉ុនក្នុងឆ្នាំ ១៩៤៥។
ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោក Mark Milley បាននិយាយថា ទីក្រុងព្យុងយ៉ាងមានសមត្ថភាពនុយក្លេអ៊ែរ ក្នុងការគំរាមកំហែងពិតប្រាកដ ដល់ដីគោករបស់សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត និងដៃគូរបស់ទីក្រុងវ៉ាស៊ីនតោន នៅទូទាំងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក៕
ប្រភព៖vnexpress










