ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មានថៃចុះផ្សាយថា លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាផ្លូវការ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ កម្ពុជា គឺជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលនាយករដ្ឋមន្ត្រីថៃធ្វើដំណើរមកទស្សនកិច្ចដើម្បីណែនាំខ្លួនជាផ្លូវការ ក្រោយពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ទី៣០ របស់ប្រទេសថៃ ។
នៅវេលាម៉ោង៩និង១០នាទីព្រឹក លោកនាយករដ្ឋមន្ត្រីថៃ ព្រមទាំងមន្ត្រីនានានឹងធ្វើដំណើរចេញពីអាកាសយានដ្ឋានកងទ័ព២ ដនមឿង ទីក្រុងបាងកក ដោយជិះយន្តហោះពិសេសរបស់កងទ័ពអាកាស Airbus 340-500 ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
នៅពេលមកដល់ប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រីថៃនឹងចូលរួមក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការនៅវិមានសន្តិភាព (Peace Palace) នៃទីស្តីការនាយករដ្ឋមន្ត្រីកម្ពុជា និងពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្រោយពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីជប់លៀងអាហារថ្ងៃត្រង់ ដើម្បីផ្តល់កិត្តិយសដល់លោកនាយករដ្ឋមន្ត្រីថៃ ។
នៅវេលារសៀល លោកនាយករដ្ឋមន្ត្រីថៃនឹងធ្វើដំណើរទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ ព្រមទាំងថ្វាយបង្គំព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចនរោត្តម សីហនុ ជាអតីតព្រះមហាក្សត្រកម្ពុជា ។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រីថៃនឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ ។
នៅពេលល្ងាច លោកនាយករដ្ឋមន្ត្រីថៃនឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងចូលរួមទទួលទានអាហារពេលព្រលប់ជុំគ្នាជាផ្លូវការ ។ ក្រោយពីបញ្ចប់ភារកិច្ច លោកនាយករដ្ឋមន្ត្រីថៃ ព្រមទាំងមន្ត្រីនានានឹងធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនឹងមកដល់ប្រទេសថៃវិញ នៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ៕ ប្រភព ៖ Tna










