រយៈពេលចុងក្រោយនេះទាំងការសាងសង់ប្រាសាទថ្មរបស់ថៃ និងបញ្ហាប្រមូលពន្ធធ្វើឱ្យមានការជជែកពិភាក្សាពេញបណ្តាញសង្គមទាំងការព្រួយបារម្ភផង ទាំងការឈឺចាប់ផង។ ក្នុងនោះដែរ តារាចម្រៀង វេហាស៍ ក៏បានលើកឡើងថារឿងចម្លងប្រាសាទអង្គរវត្តលោកបារម្ភមធ្យមទេ តែមានក្តីបារម្ភធំគឺការតម្លើងពន្ធលើសកម្រិតស្ទើរគ្រប់វិស័យ ស្របពេលដែលសេដ្ឋកិច្ចប្រជាជនកំពុងធ្លាក់ចុះ។ តារាចម្រៀងរូបនេះបានដាក់ក្តីសង្ឃឹមថារដ្ឋាភិបាលថ្មីនឹងគិតគូរលើបញ្ហានេះម្តងទៀត។
នៅព្រឹកថ្ងៃទី២៧ កញ្ញា តារាចម្រៀងស្ថិតក្នុងទ្រនំសាន់ដេលោក វេហាស៍ ដែលពេលនេះកំពុងស្ថិតនៅប្រទេសអាម៉េរិកបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការប្រមូលពន្ធ។ លោកបានសរសេរនៅលើបណ្តាញសង្គមថា«រឿងចម្លងប្រាសាទអង្គរវត្តខ្ញុំបារម្ភមធ្យម តែរឿងបារម្ភធំគឺការតម្លើងពន្ធលើសកម្រិតស្ទើរគ្រប់វិស័យ ស្របពេលដែលសេដ្ឋកិច្ចប្រជាជនកំពុងធ្លាក់ចុះ។ ខ្ញុំសង្ឃឹមថារដ្ឋាភិបាលថ្មីជួយលកលៃនិងគិតគូរសម្រួលលើបញ្ហានៃច្បាប់នេះដើម្បីឱ្យប្រជាជនមានដង្ហើមដកបានមួយរយៈទៀត ព្រោះទើបតែងើបពីបញ្ហាកូវីដមិនទាន់បាន១-២ឆ្នាំស្រួលបួលផង»។
លោកបានបន្ថែមថា «ទោះក្នុងស្ថានភាពបែបណា ការងារបែបណា រស់នៅកន្លែងណា យ៉ាងហោចណាស់ក៏ខ្ញុំនៅតែជាម្នាក់ក្នុងចំណោមប្រជាជនខ្មែររាប់លាននាក់ ហើយខ្ញុំក៏ជឿថាប្រជាជនខ្មែរស្ទើរតែទាំងអស់ក៏យល់ស្របលើបញ្ហាខាងលើនេះដូចខ្ញុំដែរ។ ជាចុងក្រោយ ខ្ញុំនៅតែទទូចនិងសង្ឃឹមថារដ្ឋាភិបាលថ្មីលោកនឹងគិតគូរលើបញ្ហានេះម្តងទៀត»។
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី២៧ កញ្ញា នេះដែរពន្ធដារបានចេញលិខិតឆ្លើយតបការរិះគន់ពីអ្នកលេងបណ្តាញសង្គមដោយបាននិយាយថា «រដ្ឋគិតតែយកពន្ធ ខណៈប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត»។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការប្រមូលចំណូលពន្ធ គឺដើម្បីការអភិវឌ្ឍសង្គមជាតិ ធានាតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព រាជរដ្ឋាភិបាលក៏បានគិតគូរខ្ពស់ពីការសម្រួលបរិយាកាសវិនិយោគ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយបានដាក់ចេញនូវវិធានការលើក ទឹកចិត្តជាច្រើនជាបន្តបន្ទាប់និងស្ទើរគ្រប់វិស័យ៕











