នាពេលថ្មីៗកន្លងទៅនេះ មានសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយរូបភាពរថយន្តអេនើប Rolls Royce ដែលចតនៅមុខអគ្គនាយកដ្ឋានពន្ធដារ ដោយចុះផ្សាយអត្ថបទព័ត៌មានក្រោមចំណងជើងថា “ស្រុកខ្មែរ អ្នកប្រមូលពន្ធ ជិះ Rolls Royce អ្នកបង់ពន្ធ ជិះឡានឥតកៅអី” និង “ផ្ទុះការរិះតង់ មន្ត្រីពន្ធដារ ជិះសុទ្ធតែឡានតម្លៃរាប់លាន ឯពលរដ្ឋអ្នក បង់ពន្ធរកឡានកញ្ចាស់ជិះមិនទាន់បានផង”។
ហេតុដូច្នេះ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតធ្វើការបំភ្លឺជូនសាធារណជនថា៖”ការចុះផ្សាយនូវអត្ថបទខាងលើ គឺជាការចុះផ្សាយ នូវព័ត៌មានមិនពិត មានចវិតរករឿង បង្កបញ្ហា បង្កាច់បង្អួចមន្ត្រីរបស់ស្ថាប័នរដ្ឋ និងបង្កើតជាព័ត៌មានក្លែងក្លាយដើម្បីទាក់ទាញចំណាប់អារម្មណ៍ ដែលការចុះផ្សាយព័ត៌មាននេះអាចធ្វើឱ្យសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម មានការយល់ច្រឡំថាមន្ត្រីពន្ធដារបានប្រើប្រាស់រថយន្តប្រណិត Rolls Royceនេះ ជាក់ស្តែង រថយន្តនេះជារបស់ អ្នកជាប់ពន្ធដែលបានមកចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធទៅនឹងការបំពេញកាតព្វកិច្ចសារពើពន្ធជូនរដ្ឋ ហើយម្យ៉ាងវិញទៀត ទីតាំងនៅខាងមុខច្រកចូលរបស់អគ្គនាយកដ្ឋានពន្ធដា មិនមែនជាចំណតសម្រាប់មន្ត្រីពន្ធដារប្រើប្រាស់នោះឡើយ គឺសម្រាប់ទុកជូនអ្នកជាប់ពន្ធប៉ុណ្ណោះ”។
អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា៖” សាធារណជននិងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំមានការ យល់ច្រឡំចំពោះអត្ថបទដែលបានចុះផ្សាយព័ត៌មានមិនពិតខាងលើ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ សូមអំពាវនាវ ដល់បណ្តាសារព័ត៌មានមួយចំនួន សូមធ្វើការដកស្រង់តែព័ត៌មានពិត និងចុះផ្សាយប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ ចៀសវាងការចុះផ្សាយដោយគ្មានមូលដ្ឋានត្រឹមត្រូវ ដែលអាចធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងសូមស្វាគមន៍នូវ រាល់ការចុះផ្សាយព័ត៌មានទាំងឡាយណា ដែលមានលក្ខណៈរិះគន់ក្នុងន័យស្ថាបនា ប្រកបដោយតម្លាភាព និងសមភាព”៕










