ប្រទេសឡាវ ៖ ប្រទេសថៃ និងឡាវបានប្រជុំពិភាក្សាគ្នាអំពីវិធានការទាក់ទាញភ្ញៀវទេសចរបរទេស តាមរយៈការតភ្ជាប់ផ្លូវទេសចរណ៍ និងពន្លឿនការសាងសង់ស្ពានមិត្តភាពថៃ-ឡាវ ទី២ នៅស្រុកប៉ាកឈុំ ខេត្តឡឺយ ។ វិធានការលើកលែងទិដ្ឋាការ (Free Visa) សម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថានមកកាន់ប្រទេសថៃ ក៏ធ្វើឱ្យប្រទេសឡាវទទួលបានផលប្រយោជន៍ផងដែរ ។
លោក ថាវី សឺមភក្តីគុណ (Thawee Sermphakdhikul) អភិបាលខេត្តឡឺយ ព្រមទាំងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតបានប្រជុំជាមួយអភិបាលក្រុងវៀងចន្ទន៍ លោក ខាំផែន ស៊ីធីដាំផា (Khamphan Sithidampha) នៅប្រទេសឡាវ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅតាមព្រំដែនថៃ-ឡាវ រវាងខេត្តឡឺយ និងក្រុងវៀងចន្ទន៍ ។ ភាគីទាំងពីរបានពិភាក្សាគ្នាក្រោមប្រធានបទផ្សព្វផ្សាយពីវិស័យទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហការផ្នែកសេដ្ឋកិច្ច សង្គម និងសន្តិសុខ ។
ក្រោយពីរដ្ឋាភិបាលថៃសម្រេចចិត្តអនុម័តវិធានការលើកលែងទិដ្ឋាការ (Free Visa) សម្រាប់ទាក់ទាញភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន ប្រទេសឡាវក៏បានរៀបចំគម្រោងអភិវឌ្ឍន៍តំបន់ព្រំដែនរបស់ទីក្រុងម៉ឺន និងទីក្រុងវៀងចន្ទន៍ ។ ការអភិវឌ្ឍនៅតំបន់ព្រំដែននេះ ក្នុងគោលបំណងទទួលភ្ញៀវទេសចរធ្វើដំណើរមកកាន់ប្រទេសឡាវជាបន្តបន្ទាប់ ដោយសារវិធានការលើកលែងទិដ្ឋាការរបស់ថៃ ។
លោក ថាវី សឺមភក្តីគុណ លើកឡើងថា ទីក្រុងម៉ឺនស្ថិតនៅមិនឆ្ងាយពីស្រុកប៉ាកឈុំប៉ុន្មានទេ ។ ដូច្នេះ វាអាចក្លាយជាច្រកតភ្ជាប់តំបន់ទេសចរណ៍ល្បីៗនៅខេត្តឡឺយ និងទីក្រុងវៀងចន្ទន៍ ដូចជា តំបន់ទេសចរណ៍ចាប់ពីស្រុកឈៀងខាន់-ស្រុកប៉ាកឈុំ ខេត្តឡឺយ រហូតដល់ទីក្រុងវ៉ាងវៀង-ទីក្រុងហ្វឿង ប្រទេសឡាវ ។ លោកបន្តថា ប្រទេសឡាវមានច្រកឆ្លងកាត់ព្រំដែនប៉ុណ្ណោះអាសន្នប៉ុណ្ណោះនៅបរិវេណព្រំដែន ហើយរដ្ឋាភិបាលថៃនឹងសុំកិច្ចសហការពីប្រទេសឡាវ ដើម្បីឱ្យច្រកឆ្លងកាត់ព្រំដែនបណ្តោះអាសន្ននេះក្លាយជាច្រកព្រំដែនជាផ្លូវការនៅចុងឆ្នាំ២០២៣ ។
ក្រៅពីនេះ ខេត្តឡឺយក៏មានគម្រោងសាងសង់ស្ពានមិត្តភាពថៃ-ឡាវ ទី២ នៅស្រុកប៉ាកឈុំ ខេត្តឡឺយផងដែរ ដើម្បីជួយជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងផ្នែក Logistics ។ ចំណែកស្ពានមិត្តភាពថៃ-ឡាវ ទី១ ស្ថិតនៅខេត្តឡឺយ គឺបានតភ្ជាប់រវាងស្រុកថាលី និងទីក្រុងគែនថាវ ប្រទេសឡាវ ៕ ប្រភព ៖ AEC connect










