នៅថ្ងៃទី២៣ ខែកញ្ញា CDC បានប្រកាសដំណឹងមានកុមារីម្នាក់អាយុ៧ឆ្នាំនៅខេត្តកំពង់ធំវិជ្ជមានជំងឺហ្ស៊ីកាបន្ទាប់ពីយកវត្ថុវិភាគនិងបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២១ កញ្ញា ខណៈនៅថ្ងៃទី២៤ ខែកញ្ញា ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសជាផ្លូវការទាក់ទងនឹងករណីទី១នៃជំងឺនេះ។May be an image of 3 people, hospital and text

ក្រសួងបានបញ្ជាក់ទៀតថា វីរុសហ្ស៊ីកា ឆ្លងមកមនុស្សតាមរយៈមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះគឺដូចគ្នានិងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាមនិងគ្រុនឈីក។ ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកាពីព្រោះវីរុសនេះមាន នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាលនិងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកាឆ្លងពីម្តាយទៅកូនក្នុង អំឡុងមានផ្ទៃពោះ និងនៅពេលសម្រាល។May be an image of 2 people and text

វីរុសហ្ស៊ីកាជាធម្មតាបណ្តាលឱ្យមានជំងឺហ្ស៊ីកាស្រាលមិនធ្ងន់ធ្ងរទេ ដែលចេញរោគសញ្ញាពី២ ទៅ ៣ថ្ងៃ បន្ទាប់ពីមនុស្សម្នាក់ត្រូវបានខាំដោយសត្វមូសខ្លាដែលផ្ទុកវីរុសហ្ស៊ីកា។ រោគសញ្ញាទូទៅ មានដូចជាគ្រុនក្តៅស្ទិញៗ និងកន្ទួលក្រហមលើស្បែក អ្នកខ្លះទៀតអាចនឹងមាន ភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កម្លាំងជាដើម។ រោគសញ្ញាទាំងនេះ ជាធម្មតាអាចជាសះស្បើយក្នុងរយៈពេលពី ២ ទៅ ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់។ គេបានប៉ាន់ប្រមាណថា ៨០% នៃមនុស្សដែលបានឆ្លងវីរុសនេះមិនបានបង្ហាញរោគសញ្ញាអ្វីទេ។ មានករណីតិចតួច បំផុតដែលអាចវិវត្តទៅជាទន់ដៃទន់ជើង ហើយបើកើតមានលើស្ត្រីមានផ្ទៃពោះ គឺអាចទារកស្លាប់ក្នុងផ្ទៃ ឬក្បាលទារកអាចតូចជាងធម្មតា។May be an image of 2 people, slow loris, hospital and text
ជំងឺហ្ស៊ីកាមិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែតម្រូវឱ្យផ្ដល់ការព្យាបាលគាំទ្រនិងថែទាំទៅតាមរោគសញ្ញ អ្នកជំងឺ។ អ្នកកើតជំងឺនេះគួរសម្រាកនិងពិសាទឹកឱ្យបានច្រើន ព្រមទាំងព្យាបាលការឈឺចាប់និងគ្រុនក្តៅ ដោយប្រើថ្នាំបញ្ចុះកំដៅធម្មតាតែមិនតម្រូវឱ្យប្រើថ្នាំផ្សះទេ។May be an image of 1 person and textដើម្បីការពារខ្លួនពីមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ និងការចម្លងតាមការរួមភេទ ហើយការការពារនេះ អាចអនុវត្តបានដោយ៖
– បំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យសម្អាតជុំវិញផ្ទះ ការពារកុំមានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងប្រើអាបែតដាក់ក្នុងពាង ឬ អាងស្តុកទឹក។
– ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណាគ្របដណ្ដប់ភាគច្រើននៃរាងកាយឱ្យជិត (សម្លៀកបំពាក់គួរតែមានពណ៌ភ្លឺ កុំខ្មៅឬងងឹត)។
– ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ហើយថ្នាំនេះស្ត្រីមានផ្ទៃពោះអាចបើបានដោយមានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ។
– សម្រាន្តក្នុងមុង រាល់ពេលសម្រាន្តនៅពេលយប់និងថ្ងៃ ព្រមទាំងបើកបង្អួចឱ្យបានធំៗ ដើម្បីឱ្យពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ។
– ប្រសិនជាមិនចាំបាច់ ស្រ្តីមានផ្ទៃពោះ គូស្វាម៉ីភរិយាឬស្ត្រីមានគម្រោងមានផ្ទៃពោះ មិនគួរឬមិនត្រូវធ្វើ ដំណើរទៅកាន់តំបន់ដែលមានផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីកា ហើយត្រូវអនុវត្តការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនបំផុត។
– បុរសនិងស្ត្រីដែលត្រឡប់មកពីតំបន់ដែលមានផ្ទុះឬកំពុងមានជំងឺហ្ស៊ីកា ត្រូវអនុវត្តការរួមភេទដែលមាន សុវត្ថិភាព (ដោយប្រើប្រាស់ស្រោមអនាម័យ) ឬតមការរួមភេទយ៉ាងហោចណាស់៦ខែ បន្ទាប់ពីការវិល ត្រឡប់មកវិញ ដើម្បីការពារការឆ្លងវីរុសហ្ស៊ីកាតាមការរួមភេទ។
– គូស្វាមីភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ ដែលទើបវិលត្រឡប់មកពីតំបន់ដែលផ្ទុះឬកំពុងមានជំងឺ ហ្ស៊ីកា ត្រូវរង់ចាំយ៉ាងតិច៦ខែមុនពេលព្យាយាមមានផ្ទៃពោះ ដើម្បីធានាថាគ្មានការឆ្លងវីរុសហ្ស៊ីកាទៅ ទារកដែលនឹងបង្កកំណើត។
– ស្ត្រីដែលប្រើវិធីរួមភេទដោយមិនការពារ ប៉ុន្ដែមិនចង់មានផ្ទៃពោះ ដោយសារតែបានឆ្លងវីរុសហ្ស៊ីកា ត្រូវប្រើវីធីពន្យាកំណើតជាបន្ទាន់ ដោយអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
– ស្រ្តីមានផ្ទៃពោះដែលមានរោគសញ្ញានៃការឆ្លងវីរុសហ្ស៊ីកា ត្រូវមកពិនិត្យផ្ទៃពោះបានញឹកញាប់ជាមួយ គ្រូពេទ្យជំនាញនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ៕May be an image of clarinet and textMay be an illustration of text