ទឹកធ្លាក់ឆាយប្រុយ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយមមួយ ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ទឹកធ្លាក់នេះមានចម្ងាយប្រមាណជា ១៧០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ដោយមកដល់ស្រុកវាលវែង ភ្ញៀវទេសចរណ៍ត្រូវបត់ចូលមកសហគមន៍អូរសោមចម្ងាយ ៦០គីឡូម៉ែត្រ នឹងមកដល់រមណីយដ្ឋានធម្មជាតិនេះ។
ជាមួយនឹងទឹកធ្លាក់កម្ពស់ជាង៦០ម៉ែត្រ បានធ្វើឱ្យទឹកធ្លាក់ឆាយប្រុយ គឺជាសម្បត្តិធម្មជាតិមួយរបស់សហគមន៍អូរសោម ដែលមានសម្រស់ធម្មជាតិស្រស់ត្រកាល ទឹកស្អាត ភ្ញៀវជាតិ និងអន្តរជាតិ អាចមកហែលទឹកលេង និងស្ទូចត្រីកម្សាន្ត យ៉ាងសប្បាយរីករាយ ហើយទេសភាពមិនចាញ់រមណីយដ្ឋានធម្មជាតិផ្សេងៗនោះទេ។
មិនតែប៉ុណ្ណោះ នៅទីនេះ ក៏មានបរិយាកាសខ្យល់អាកាសល្អបរិសុទ្ធ អមដោយព្រៃឈើជាច្រើនយោលទៅយោលមក និងសំឡេងបក្សីបក្សាខ្ញៀវខ្ញារកងរំពង ហាក់ចាំស្វាគមន៍ភ្ញៀវមកកម្សាន្ត៕









