ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ជាមួយអគ្គរដ្ឋបាលគយយចិន ។
បើតាមលោកជំទាវអ្នកនាំពាក្យ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា៖”កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន”។
ទន្ទឹមគ្នានេះដែរ អគ្គនាយកដ្ឋានកសិកម្ម ក៏បានជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន។
អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ៕











