ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាថ្ងៃទី២០ ខែកញ្ញា បានបង្ហាញជាសាធារណៈលក្ខណៈវិនិច្ឆ័យនៃតម្លៃលេចធ្លោជាសកលរបស់ «រមណីយដ្ឋានប្រាសាទកោះកេរ» ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
នៅក្នុងកិច្ចប្រជុំលើកទី៤៥ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត (Saudia Arabia) គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចជាឯកច្ឆន្ទចុះ “រមណីយដ្ឋាន- ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួនពីរ ដែលមានចែងក្នុងគោលការណ៍ណែនាំប្រតិបត្តិនៃ អនុសញ្ញាឆ្នាំ១៩៧២ រួមមាន៖

– លក្ខណៈវិនិច្ឆ័យទី ២ (Criteria ii) ៖ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ បង្ហាញក្នុងលក្ខណៈ ដ៏វិសេសវិសាលមួយនូវចំណុចគួបប្រសព្វរវាងតម្លៃមនុស្សដែលបង្កើតបានជារចនាបថកោះកេរ ដែលក្នុងនោះក្បាច់ចម្លាក់បដិមាបង្ហាញពីភាពក្លាហាន រូបភាពបង្កប់នូវការស្រមៃ និងវិញ្ញាណរស់រវើកអំពីចលនារបស់ក្បាច់ចម្លាក់ដែលកើតចេញពីការបញ្ចូលគ្នានៃនិមិត្ដរូបសាសនា និងសិល្បៈ របស់ឥណ្ឌា ជាមួយគោលគំនិតរចនាក្នុងស្រុក និងសិល្បៈហត្ថកម្ម។ ទោះបីត្រូវបានបង្កើតឡើងក្នុងរយៈពេលដ៏ខ្លីត្រឹមតែ២៣ឆ្នាំក្នុងសតវត្សទី១០ក៏ដោយក៏រចនាបថកោះកេរបានជះឥទ្ធិពល យូរអង្វែងទៅលើការបញ្ចេញទឹកដៃសិល្បៈ នៅក្នុងសម័យកាលក្រោយៗមកទៀតនៃអាណាចក្រខ្មែរ និងនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។– លក្ខណៈវិនិច្ឆ័យទី ៤ (Criteria iv) រមណីយដ្ឋានបុរាណវិទ្យាកោះកេរ គឺជាគំរូដើមស្ដីពីដែនទេសភាពទីក្រុងថ្មីដែលមានសំណង់អគារធំៗ ដោយសារការប្រើប្រាស់ផ្ទាំងថ្មដុំធំៗដ៏ច្រើន សន្ធឹកសន្ធាប់នៅក្នុងការសាងសង់ និងការឆ្លាក់ក្បាច់និងបដិមា។ គំរូដើមនេះបានសម្ភោធឡើង នូវសម័យកាលនៃការសាងសង់ប្រាសាទថ្មអស់ជាច្រើនសតវត្សនៅទូទាំងអាណាចក្រខ្មែរ ហើយបានក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់ការសាងសង់ប្រាសាទដ៏អស្ចារ្យនានានៅអង្គរ និងនៅក្នុងអាស៊ីអាគ្នេយ៍ ក្នុងសតវត្សក្រោយៗមកទៀត។

ក្រសួងបានបញ្ជាក់ទៀតថា ការទទួលស្គាល់ជាផ្លូវការ “រមណីយដ្ឋានប្រាសាទកោះកេរ” ជាបេតិកភណ្ឌពិភពលោកនា ពេលនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតបន្ទាប់ពី តំបន់រមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅឆ្នាំ១៩៩២ ឆ្នាំ២០០៨ និង ឆ្នាំ២០១៧។ សមិទ្ធផលទាំងនេះ គឺពិតជាកើតចេញពីការចូលរួម និងទឹកចិត្តស្រឡាញ់មោះមុតរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រដ្ឋាភិបាលដែលជានិច្ច ជាកាលតែងតែផ្ដល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ៕