រាជធានីអូតតាវ៉ា៖ ថ្វីបើរដ្ឋាភិបាលក្រុងញូវដេលី បានបដិសេធយ៉ាងដាច់អហង្ការ អំពីការមិនជាប់ពាក់ព័ន្ធ នៅក្នុងករណីសម្លាប់លោក ហាឌីប សិង្ហ នីចា (Hardeep Singh Nijjar) មេដឹកនាំសាសនាសិស៊ីក (Sikh) ជនជាតិកាណាដា យ៉ាងណាក្ដី ប៉ុន្ដែកាណាដា នៅតែប្រកាន់នូវគោលជំហររបស់ខ្លួន ហើយបានបណ្ដេញអ្នកការទូតឥណ្ឌា ចេញពីប្រទេសរបស់ខ្លួន ទើបឥណ្ឌា បានសងសឹកដូច្នោះវិញ។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី១៩ ខែកញ្ញា ដោយដកស្រង់សម្ដីរបស់លោកស្រី មេឡានី ញូលី (Melanie Joly) រដ្ឋមន្រ្ដី ក្រសួងការបរទេសកាណាដា បានអះអាង ថា កាណាដា កាលពីថ្ងៃចន្ទ (ទី១៨ ខែកញ្ញា) បានបណ្ដេញមន្រ្ដីការទូតមួយរូបរបស់ឥណ្ឌា ចេញពីប្រទេស ដោយជឿ ថា ក្រុងញូវដេលី មានការជាប់ពាក់ព័ន្ធនឹងការធ្វើឃាតមេដឹកនាំសាសនាស៊ីក នៅភាគខាងលិច កាណាដា កាលពីខែមិថុនា កន្លងទៅ។
លោកស្រី រដ្ឋមន្រ្ដីក្រសួងការបរទេស បានបញ្ជាក់ ថា ការចោទប្រកាន់ទាំងនេះ នៅត្រង់ថា «តំណាងរដ្ឋាភិបាលបរទេស អាចពាក់ព័ន្ធនឹងការសម្លាប់ពលរដ្ឋកាណាដា នៅទីនេះ ស្ថិតក្នុងប្រទេសកាណាដា នៅលើទឹកដីរបស់កាណាដា… ហើយវាជាការមិនអាចទទួលយកបាននោះឡើយ។ ឥឡូវ នៅថ្ងៃនេះ យើងបានបណ្ដេញមន្រ្ដីជាន់ខ្ពស់ការទូតមួយរូបរបស់ឥណ្ឌា ចេញពីកាណាដា»។
ជាការសងសឹកវិញនោះ ឥណ្ឌា ក៏បានបញ្ជាឲ្យមន្រ្ដីការទូតជាន់ខ្ពស់មួយរូបរបស់កាណាដា ត្រូវចាកចេញពីឥណ្ឌា នៅថ្ងៃអង្គារ (ទី១៩ ខែកញ្ញា)។ ក្រសួងការបរទេសឥណ្ឌា បានសម្រេចធ្វើដូច្នេះ ត្រឹមតែប៉ុន្មានម៉ោង ក្រោយពេលរដ្ឋាភិបាលអូតតាវ់ា បានបណ្ដេញអ្នកការទូតរបស់ខ្លួន ចេញពីប្រទេសកាណាដា ជុំវិញការស្លាប់របស់មេដឹកនាំចលនាបំបែកខ្លួនស៊ីក នៅជិតទីក្រុងវ៉ាន់គូវើរ (Vancouver) ប្រទេសកាណាដា។.
ប្រទេសឥណ្ឌា បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់លោកនាយករដ្ឋមន្រ្ដី ចាស្ទីន ទ្រូដូ (Justin Trudeau) ដោយបានលើកឡើង ថា ឥណ្ឌា មានការជាប់ពាក់ព័ន្ធនឹងការស្លាប់មេដឹកនាំសាសនាស៊ីករបស់កាណាដា។ លោក Hardeep Singh Nijjar ត្រូវបានឃាតករបាញ់សម្លាប់ នៅខាងក្រៅព្រះវិហារសាសនាស៊ីក ( Sikh temple) មួយកន្លែង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងខេត្តប៊្រីធីសកូឡុំបៀ (British Columbia)៕










