ប្រទេសថៃ ៖ ស្ថានការណ៍ទឹកជំនន់នៅខេត្តជាច្រើនក្នុងភាគឦសានប្រទេសថៃចាប់ផ្តើមបង្កផលប៉ះពាល់ជាច្រើនដូចជា ផ្លូវជាច្រើនកន្លែងត្រូវកាត់ផ្តាច់ ហើយតំបន់កសិកម្មជាច្រើនត្រូវទឹកលិច ជាពិសេស នៅខេត្តអ៊ូប៊ុន រាជថានី ។ គេសង្កេតឃើញថា ពលរដ្ឋដែលគេចពីទឹកជំនន់មករស់នៅក្នុងជម្រកបណ្តោះអាសន្នចាប់ផ្តើមខ្វះខាតស្បៀងអាហារ និងទឹកស្អាត ។
ពលរដ្ឋគេចពីទឹកជំនន់មករស់នៅក្នុងជម្រកបណ្តោះអាសន្ននៅសួនសាធារណៈហួយមួង ខេត្តអ៊ូប៊ុន រាជថានី បានយកអាហារស្រស់មកធ្វើម្ហូបដើម្បីបរិភោគក្នុងគ្រួសារ ក្រោយពីអាជ្ញាធរបានយកស្បៀងអាហារមកចែកជូន ។ ពលរដ្ឋភាគច្រើនដែលបានមករស់នៅក្នុងជម្រកបណ្តោះអាសន្ននេះ ប្រកបមុខរបរដើរស៊ីឈ្នួលគេ និងក្រងកម្រងផ្កាលក់ ។ ពលរដ្ឋខ្លះនិយាយថា ពួកគេបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃដោយសារទឹកជំនន់ ហើយពេលនេះ អាហារក្រៀម និងទឹកស្អាតមិនគ្រប់គ្រាន់ទេ ។
ស្ថានការណ៍ទឹកជំនន់នៅខេត្តអ៊ូប៊ុន រាជថានី មានទីប្រជុំជនចំនួន៤ បានជួបគ្រោះទឹកជំនន់ គឺទីប្រជុំជនវ៉ាំងឌែង, វាំងវ៉ាត់បូរ៉ាផា, កិកែវ និងថាបុងមាំង ក្នុងនោះមានពលរដ្ឋចំនួន៣៥គ្រួសារបានជម្លៀសទៅរស់នៅក្នុងជម្រកបណ្តោះអាសន្ន ។ បុរសម្នាក់បានគេចពីទឹកជំនន់នៅខេត្តអ៊ូប៊ុន រាជថានី ហើយមករស់នៅក្នុងជម្រកបណ្តោះអាសន្ននិយាយថា ៖ «ពួកយើងត្រូវការអាហារក្រៀម ទឹកស្អាត និងកម្រាលសម្រាប់សម្រាកផងដែរ» ។
ចំណែកភ្នាក់ងារគ្រប់គ្រងប្រចាំស្រុកឌូធុង ស្រុកយ៉ាក់សូថន បានដាក់ស្លាកសញ្ញាប្រកាសហាមចូល និងបិទផ្លូវបណ្តោះអាសន្ន ដើម្បីហាមយានជំនិះគ្រប់ប្រភេទបើកឆ្លងកាត់ផ្លូវ ដែលតភ្ជាប់រវាងស្រុកយ៉ាក់សូថន ទៅកាន់ស្រុកសេរ៉ាភូមិ ខេត្តរ៉យអេត ។ ការបិទផ្លូវនេះ ដោយសារទឹកជំនន់បានលិចផ្លូវក្នុងកម្ពស់ជាង៥០សង់ទីម៉ែត្រ និងមានប្រវែង១គីឡូម៉ែត្រ ។ ទឹកជំនន់បានលិចផ្លូវអស់រយៈពេល១សប្តាហ៍ ហើយធ្វើឱ្យផ្លូវក្នុងតំបន់មួយចំនួនខូចខាត ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ទឹកនៅតែហូរខ្លាំង ហើយអាជ្ញាធរបារម្ភខ្លាចកើតគ្រោះថ្នាក់ដោយសារការប្រើប្រាស់ផ្លូវ ។
ដូចគ្នានេះដែរ ផ្លូវនៅតាមមាត់ទន្លេឈី នៅស្រុកមឿងមហាសារ៉ាខាម បានខូចខាតប្រវែង៥០ម៉ែត្រ ហើយអាជ្ញាធរបានដាក់ស្លាកសញ្ញាដាស់តឿនដល់អ្នកបើកបរទាំងអស់ និងមានដាក់ភ្លើងបំភ្លឺផ្លូវផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ ។ អាជ្ញាធររំពឹងថា នឹងអាចជួសជុលផ្លូវនេះឱ្យដូចដើមវិញ ក្នុងរយៈពេលពី២ថ្ងៃ ទៅ៣ថ្ងៃ ៕ ប្រភព ៖ Thai PBS










