រដ្ឋធានីកៀវ៖ ថ្វីបើយុទ្ធនាការវាយបករបស់រដ្ឋាភិបាលក្រុងកៀវ ដើម្បីរំដោះទឹកដីពីកម្លាំងទាហានរបស់ក្រុងមូស្គូ មានសកម្មភាពយឺតជាការគ្រោងទុកក៏ពិតមែន ប៉ុន្ដែឥឡូវនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានបន្ដវាយបំបាក់រុស្ស៊ី ឲ្យរត់បាក់ទ័ព នៅលើសមរភូមិ នាភាគខាងកើតប្រទេសរបស់ពួកគេ
សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ថា អ៊ុយក្រែន បានអះអាង កាលពីថ្ងៃអាទិត្យ (ថ្ងៃទី១៧ ខែកញ្ញា) អំពីកងកម្លាំងរបស់ខ្លួន បានវាយរំដោះទីក្រុងគ្លីសឈីវកា (Klishchiivka) ជាទីប្រជុំជនដ៏សំខាន់មួយ នៅភាគខាងត្បូងនៃទីក្រុងសមរភូមិក្ដៅបាកមូត (Bakhmut) ខណៈកងទ័ពក្រុងកៀវ បន្តវាយលុក ប្រឆាំងនឹងទាហានរុស្ស៊ី។
ជ័យជម្នះនៅលើសមរភូមិនេះ មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់កងទ័ពអ៊ុយក្រែន ស្របពេលលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) កំពុងតែរៀបចំចេញដំណើរទៅបំពេញទស្សនកិច្ចរបស់គាត់ ទៅកាន់រដ្ឋធានីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ ដើម្បីប្រមូលផ្តុំនូវការគាំទ្រ មកពីលោកខាងលិច។
លោក អូឡែកសាន ស៊ីស្គី (Oleksandr Syrsky) មេបញ្ជាការកងទ័ពជើងគោក បានបង្ហោះសារ នៅលើបណ្ដាញសង្គម ថា «ជ័យជម្នះរបស់កងទ័ពអ៊ុយក្រែន នៅក្នុងទីក្រុងគ្លីសឈីវកា បង្ហាញយ៉ាងច្បាស់ អំពីបរាជ័យរបស់រុស្ស៊ី»។
ជាមួយគ្នានេះដែរ លោកប្រធានាធិបតី ហ្សេឡែនស្គី បានកោតសរសើរដល់កងទ័ពរបស់អ៊ុយក្រែន ដែលកំពុងតែប្រយុទ្ធ នៅជិតទីក្រុងបាកមូត ហើយរំដោះបានទីក្រុងគ្លីសឈីវកា ត្រឡប់យកមកគ្រប់គ្រងវិញ។ លោកប្រធានាធិបតី បានបញ្ជាក់ ថា «កងទ័ពរបស់យើងធ្វើការបានល្អណាស់»។
លោកប្រធានាធិបតី បានសង្កត់ធ្ងន់ ថា រដ្ឋាភិបាលក្រុងកៀវ កំពុងតែរៀបចំដំណោះស្រាយប្រព័ន្ធការពារជាតិថ្មី សម្រាប់អ៊ុយក្រែន។ ការការពារដែនអាកាស និង កាំភ្លើងធំ ជាអាទិភាពបំផុត ប៉ុន្ដែលោកប្រធានាធិបតី មិបានមិនផ្តល់ព័ត៌មានលម្អិតនោះឡើយ៕










