លិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជា គឺជាឯកសារផ្លូវច្បាប់តែមួយគត់ដែលអនុញ្ញាតឱ្យពលរដ្ឋ ខ្មែរប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅព្រះរាជាណាចក្រកម្ពុជា ដោយពួកគាត់អាចមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន។

សម្រាប់នៅកម្ពុជា លិខិតឆ្លងដែននេះ គឺត្រូវបានបែងចែកជា ៣ប្រភេទ គឺ
1. លិខិតឆ្លងដែនការទូត
2. លិខិតឆ្លងដែនផ្លូវការសម្រាប់មន្ត្រីរាជការ
3. លិខិតឆ្លងដែនធម្មតា

លិខិតឆ្លងដែនការទូត គឺសម្រាប់ថ្វាយ និងផ្ដល់ជូនដល់ស្ថាប័នព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័នតុលាការ មន្ត្រីការទូត ឥស្សរជនជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាល និងមន្ត្រីសង្ឃដែលមានងារជាសម្ដេច រួមទាំងមន្ត្រីរាជការកម្ពុជាទៅតាមលំដាប់នៃឋានន្តរស័ក្តិ និងមុខតំណែងមួយចំនួនទៀតផងដែរ។

លិខិតឆ្លងដែនផ្លូវការ គឺសម្រាប់ផ្ដល់ជូនតែមន្ត្រីរាជការកម្ពុជា ដែលត្រូវចេញទៅបំពេញបេសកកម្មការងារផ្លូវការនៅក្រៅប្រទេសប៉ុណ្ណោះ។ មន្ត្រីទាំងនោះ រួមមានជាអាទិ៍ សមាជិក គ.ជ.ប ទីប្រឹក្សា ឬ ជំនួយការ ដែលមានឋានៈស្មើប្រធាននាយកដ្ឋានឡើង មន្ត្រីរាជការចាប់ពីមុខតំណែងអនុប្រធានការិយាល័យឡើង ខណៈមន្ត្រីយោធា និងនគរបាលជាតិ គឺចាប់ពីឋានន្តរស័ក្តិវរសេនីយ៍ត្រីឡើង និងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងនៃស្ថាប័នតុលាការ ជាដើម។

លិខិតឆ្លងដែនធម្មតាកម្ពុជា ជាឯកសារបញ្ជាក់ថា ជនដែលកាន់លិខិតឆ្លងដែននោះ ជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន និងជាឯកសារច្បាប់តែមួយគត់ដែលអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា អាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅប្រទេស៕Cambodian passport ranks 89th in global index - Khmer Times