សហរដ្ឋអាមេរិក ៖ កាលពីដើមខែកញ្ញា ឆ្នាំ២០២៣ នេះ ខ្យល់ព្យុះលាយឡំជាមួយទឹកភ្លៀងជាច្រើនមេបានបោកបក់មកលើរដ្ឋ Nevada របស់សហរដ្ឋអាមេរិក ហើយវាបានប្រែក្លាយវាលខ្សាច់ឈ្មោះ Black Rock ដែលជាទីកន្លែងរៀបចំពិធីបុណ្យ Burning Man ឱ្យក្លាយទៅជាវាលភក់ ។ លើសពីនេះ ឥទ្ធិពលខ្យល់ព្យុះបានធ្វើឱ្យប៉ះពាល់ដល់មនុស្សម្នារាប់ម៉ឺននាក់ដែលធ្វើដំណើរមកចូលរួមក្នុងពិធីបុណ្យផងដែរ ។
អាជ្ញាធរប្រចាំតំបន់បានរាយការណ៍ថា មានមនុស្សម្នាក់បានស្លា.ប់ ហើយធ្វើឱ្យអ្នកគ្រប់គ្រងកម្មវិធីបុណ្យ Burning Man ត្រូវប្រកាសបញ្ឈប់ពិធីបុណ្យដែលនៅសេសសល់ទាំងអស់ ដើម្បីឱ្យអាជ្ញាធរធ្វើការត្រួតពិនិត្យអំពីមូលហេតុដែលបណ្តាលឱ្យមនុស្សស្លា.ប់ ។
ពិធីបុណ្យ Burning Man គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យបង្ហាញពីសិល្បៈនៅសហរដ្ឋអាមេរិក ដែលមានមនុស្សម្នាជាច្រើននាក់ធ្វើដំណើរមកចូលរួមជារៀងរាល់ឆ្នាំ ហើយអ្នកមកចូលរួមម្នាក់ៗនឹងប្រើប្រាស់ឱកាសនេះដើម្បីស្នាក់នៅបរិវេណសមុទ្រខ្សាច់ Black Rock ដើម្បីផ្លាស់ប្តូរមតិយោបល់ និងប្រគល់រង្វាន់ឱ្យគ្នាទៅវិញទៅមក ។ លើសពីនេះ អ្នកចូលរួមពិធីបុណ្យអាចបង្ហាញពីខ្លួនឯងចេញមកក្រៅផងដែរ ។ នៅចុងបញ្ចប់នៃពិធីបុណ្យ គេនឹងធ្វើរូបតំណាងឈើដ៏ធំមួយ បន្ទាប់មក គេដុតវាចោល ហើយនេះគឺជាប្រភពដើមនៃឈ្មោះពិធីបុណ្យ Burning Man ៕
ប្រភព ៖ TNN World










