ប្រទេសចិន ៖ ការព្យាយាមស្តារសេដ្ឋកិច្ចឡើងវិញក្នុងឆមាសទី១ ឆ្នាំ២០២៣ ក្រោយពីផ្ទុះជំងឺកូវីដ-១៩ នៅប្រទេសចិន នឹងជួយជំរុញឱ្យពលរដ្ឋចិនប្រើប្រាស់អ៊ីនធើរណេត និងធ្វើឱ្យទីផ្សារអ៊ីនធើរណេតរីកចម្រើនឈានដល់គោលដៅ «Digital China» ក្នុងរយៈពេល២ឆ្នាំខាងមុខ ។
តាមលទ្ធផលស្ទង់មតិចុងក្រោយរបស់មជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ីនធើរណេតចិន ដែលជាភ្នាក់ងារស្ថិតក្រោមការិយាល័យគ្រប់គ្រងអ៊ីនធើរណេតប្រទេសចិនបញ្ជាក់ថា នៅខែមិថុនា ឆ្នាំ២០២៣ មានអ្នកប្រើប្រាស់អ៊ីនធើរណេតនៅទូទាំងប្រទេសចិន សរុបចំនួន១.០៨០លាននាក់ កើនឡើង១១លាន៩ម៉ឺននាក់ បើធៀបនឹងខែធ្នូ ឆ្នាំ២០២២ ។ វាធ្វើឱ្យអត្រាការប្រើប្រាស់អ៊ីនធើរណេតនៅចិនស្មើនឹង៧៦,៤% ហើយការលក់រាយតាមអនឡាញកើនឡើង១៣,១% ខណៈចំនួនអតិថិជនទិញផលិតផលអនឡាញនៅទូទាំងប្រទេស កើនឡើងដល់៨៨៤លាននាក់ ក្នុងនោះអតិថិជនថ្មីស្មើចំនួន៣៨លាន៨សែននាក់ ។
តាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ីនធើរណេតចិនបានបង្ហាញពីតម្រូវការប្រើប្រាស់សេវាកម្មរបស់ពលរដ្ឋ ដែលត្រូវរដ្ឋាភិបាលដាក់កំណត់ការប្រើប្រាស់អស់រយៈពេលយូរក្នុងអំឡុងពេលជំងឺកូវីដឆ្លងរាតត្បាត និងបង្ហាញពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ចិន ដែលមានតួនាទីធ្វើឱ្យអ៊ីនធើរណេតរីកចម្រើន ។ របាយការណ៍នេះបានសរសើរការដាក់ឱ្យដំណើរការស្ថានីយទូរស័ព្ទចល័តជាហូរហែ ដើម្បីជួយជំរុញបណ្តាញទំនាក់ទំនងគ្មានខ្សែនៅទូទាំងប្រទេសចិន ។ ដូច្នេះ វាជាទីផ្សារស្មាតហ្វូនដ៏ធំរបស់ពិភពលោក ហើយនៅខែមិថុនា ឆ្នាំ២០២៣ ប្រទេសចិនមានស្ថានីយទូរស័ព្ទចល័តសរុបចំនួន១១លាន២សែន៩ម៉ឺនកន្លែង ។
កាលពីខែមីនា ឆ្នាំ២០២៣ រដ្ឋាភិបាលចិនបានប្រកាសពីគម្រោងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ជាប្រយោជន៍ដ៏សំខាន់ ដើម្បីលើកកម្ពស់ការប្រើប្រាស់អ៊ីនធើរណេតនៅប្រទេសចិន និងជាចំណែកមួយនៃគំនិតផ្តួចផ្តើមដើម្បីបង្កើត «Digital China» នៅឆ្នាំ២០២៥ ។ មជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ីនធើរណេតចិនបានស្ទង់មតិអំពីអ៊ីនធើរណេតនៅប្រទេសចិន ចំនួន២ដងក្នុង១ឆ្នាំ ហើយបានចាប់ផ្តើមស្ទង់មតិតាំងពីឆ្នាំ១៩៩៧ ៕ ប្រភព ៖ mgronline










