ទីក្រុងចូហានណេសប៊ឺគ៖ គ្រោះអគ្គិភ័យបានឆាបឆេះ នៅអគារមួយកន្លែង នៅក្នុងទីក្រុងចូហានណេសប៊ឺគ (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង ជាទីក្រុងដែលបណ្ដាប្រទេសប៊្រីក (BRICS) បានជួបប្រជុំកំពូល កាលពីប៉ុន្មានថ្ងៃមុននេះ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និង ទីភ្នាក់ងារសង្គ្រោះបន្ទាន់ បានអះអាង ថា មានមនុស្សយ៉ាងហោចណាស់ ចំនួន៦៣នាក់ បានបាត់បង់ជីវិត និង ជាង៤០នាក់ផ្សេងទៀត រងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយការកើតមានគ្រោះអគ្គិភ័យ ឆាបឆេះអគារជាច្រើនជាន់ នៅក្នុងទីក្រុងចូហានណេសប៊ឺគ (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង។
លោក រ៉ូប៊ឺត មូលោដហ្ស៊ី (Robert Mulaudzi) អ្នកនាំពាក្យ ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នទីក្រុងចូហានណេសប៊ឺគ បានបញ្ជាក់ ថា គ្រោះអគ្គិភ័យ បានឆាបឆេះអគារមួយកន្លែង កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) ស្ថិតក្នុងសង្កាត់ពាណិជ្ជកម្ម នាកណ្តាលរបស់ទីក្រុងនេះ។ រីឯចំនួនអ្នកស្លាប់ កំពុងតែបន្តកើនឡើង ខណៈរកឃើញសាកសព ចំនួន៦៣នាក់ នៅក្នុងកន្លែងកើតហេតុ ហើយមនុស្សជាង៤០នាក់ផ្សេងទៀត បានរងរបួស។
បើទោះជាយ៉ាងណាក៏ដោយ ភ្លាមៗនោះ អាជ្ញាធរប្រទេសអាហ្វ្រិកខាងត្បូង នៅមិនទាន់បានបញ្ជាក់ អំពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះ នៅឡើយ៕










