ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នៃអគ្គនាយកដ្ឋាន ចំណុះឱ្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំលុបបំបាត់ឱ្យបាន ក្នុងការដឹកនាំកម្លាំងនគរបាល ទៅការពារដីឯកជន ដែលមានជម្លោះ។ បើមានករណីនេះ ត្រូវពិនិត្យក្នុងការដាក់ទោសទណ្ឌ ព្រោះមិនអាចយកកងកម្លាំងទៅប្រើប្រាស់ លើការងារបុគ្គលបាននោះទេ។

ឯកឧត្តម ស សុខា បានបន្តទៀតថា “កន្លងទៅយើងឃើញថា មានថ្នាក់ដឹកនាំមួយចំនួន បានដឹកកម្លាំងរបស់ខ្លួន ទៅការពារដីឯកជនមួយចំនួន ដែលមានជម្លោះ ឬមួយដឹកនាំកម្លាំងទាំងស៊ីវិល ឬផ្នែកកងកម្លាំងនគរបាលរបស់យើង ទៅការពារដីទាំងនោះ ដែលមិនមានជាអត្ថប្រយោជន៍រួម កន្លែងនេះយើងត្រូវគួរលុបបំបាត់”។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា៖” ពាក់ព័ន្ធនឹងការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ គ្រប់ស្ថាប័នអង្គភាពចំណុះឱ្យក្រសួងមហាផ្ទៃ ត្រូវកំណែទម្រង់នូវចំណុចមួយចំនួន ដើម្បីឱ្យការផ្ដល់សេវាកាន់តែឆាប់រហ័ស ខណៈការងារខ្លះ នៅមានភាពយឺតយ៉ាវ បង្កការរំខានដល់ ប្រជាពលរដ្ឋ អ្នកទទួលសេវា ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញបន្ថែមទៅដល់អគ្គនាយក នៃអគ្គនាយកដ្ឋាន ដែលទើប ឡើងកាន់មុខតំណែងថ្មី បន្តខិតខំអភិវឌ្ឍស្ថាប័ន និងពង្រឹងសមត្ថភាពបុគ្គលិកឱ្យកាន់តែល្អប្រសើរក៏ដូច ជាត្រូវសហការគ្នាឱ្យបានល្អ បម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសនៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ៕