រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលស្ថានការណ៍ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កំពុងតែឡើងកម្ដៅយ៉ាងខ្លាំង សហរដ្ឋអាមេរិក មានផែនការដាក់ពង្រាយនូវយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន មានចំនួនរាប់ពាន់គ្រឿង សម្រាប់ប្រឈមមុខជាមួយនឹងកងទ័ពរំដោះប្រជាជនចិន។
គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៩ ខែសីហា ថា មន្រ្ដីជាន់ខ្ពស់មួយរូប នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី២៨ ខែសីហា) ថា មន្ទីរបញ្ចកោណ មានផែនការដាក់ពង្រាយដ្រូន រាប់ពាន់គ្រឿង នៅក្នុងរយៈពេល២ឆ្នាំខាងមុខនេះ សម្រាប់ត្រៀមខ្លួនទប់ទល់ ប្រឆាំងនឹងកងទ័ពរបស់ចិន។
លោកស្រី ខាធ្លីន ហ៊ីកស៍ (Kathleen Hicks) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសន្និសីទបច្ចេកវិទ្យាយោធា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថា «អាទិភាពដ៏ចម្បងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ផ្ដោតលើកម្លាំង រួមមាន នាវាចម្បាំង មីស៊ីល និង ចំនួនកងទ័ព ព្រមទាំងសម្ភារសឹកដ៏ច្រើនបំផុតរបស់ពួកគេ។ យើងនឹងប្រឈមមុខជាមួយនឹងកងទ័ពរំដោះប្រជាជនចិន ដោយកម្លាំងយោធារបស់យើងផ្ទាល់។ ប៉ុន្តែយើងនឹងពិបាករៀបចំផែនការ ពិបាកវាយ និង ពិបាកយកឈ្នះ»។
លោកស្រី អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា «គោលដៅដ៏សំខាន់ អាចទទួលលទ្ធផល គឺការដាក់ពង្រាយដ្រូនរាប់ពាន់គ្រឿង នៅក្នុងតំបន់ជាច្រើន នៅក្នុងរយៈពេល ចន្លោះពី១៨ខែទៅ២៤ខែខាងមុខនេះ។
សហរដ្ឋអាមេរិក បានអះអាង ថា ប្រទេសចិន នឹងក្លាយជាបញ្ហាប្រឈមជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហើយកំពុងតែស្វែងរកនូវការរារាំងជម្លោះ ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ជាពិសេស ជុំវិញបញ្ហាកោះតៃវ៉ាន់ គ្រប់គ្រង ដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ។
រដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង អំពីដែនអធិបតេយ្យភាពរបស់ចិន នៅលើកោះតៃវ៉ាន់។ បន្ថែមពីលើនេះ ក្រុងប៉េកាំង តែងតែចិញ្ចឹមចិត្ត អស់រយៈពេលជាយូរមកហើយ ដើម្បីប្រើប្រាស់កម្លាំងយោធា នៅថ្ងៃណាមួយ សម្រាប់ការដណ្ដើមកាន់កាប់ដែនកោះមួយនេះ យកមកដាក់ឲ្យស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួនវិញ ប្រសិនបើចាំបាច់។
ដោយឡែក រដ្ឋាភិបាលក្រុងតៃប៉ិរបស់លោកស្រី សៃ អ៊ីង-វ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានច្រានចោលនូវការអះអាងរបស់ក្រុងប៉េកាំង។ ក្រុងតៃប៉ិ បានអះអាង ថា មានតែប្រជាជនតៃវ៉ាន់ ប៉ុណ្ណោះ ទើបអាចសម្រេចជោគវាសនារបស់ខ្លួនបាន។
ជាមួយនឹងការដាក់សម្ពាធ កាន់តែកើនឡើងយ៉ាងខ្លាំង ទាំងនយោបាយ ការទូត សេដ្ឋកិច្ច និង យោធា មកពីប្រទេសចិន ប្រឆាំងនឹងកោះតៃវ៉ាន់ នោះ ក្រុងតៃប៉ិ បានបង្កើននូវការទិញគ្រឿងសព្វាវុធ និង បង្កើននូវការផលិតមីស៊ីលទំនើបៗ នៅក្នុងស្រុក សម្រាប់ពង្រឹងដល់សមត្ថភាពការពាររបស់កងទ័ពតៃវ៉ាន់ ត្រូវត្រៀមខ្លួនទុកជាមុន ដើម្បីទប់ទល់ ប្រឆាំងនឹងការលុកលុយណាមួយរបស់កងទ័ពរំដោះប្រជាជនចិន។
ជាមួយគ្នានេះដែរ លោក តារ៉ូ អាសូ (Taro Aso) អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងតែកាន់អំណាច នៅក្នុងប្រទេសជប៉ុន និង ធ្លាប់ធ្វើជានាយករដ្ឋមន្រ្ដីជប៉ុន ចន្លោះពីឆ្នាំ២០០៨ដល់ឆ្នាំ២០០៩ បានបញ្ជាក់ កាលពីដើមខែសីហា ថា បរិយាកាសសន្ដិសុខ កាន់តែតានតឹង នៅច្រកសមុទ្រតៃវ៉ាន់។ បញ្ហានេះ មានន័យ ថា ជប៉ុន សហរដ្ឋអាមេរិក និង បណ្ដាសម្ពន្ធមិត្ដផ្សេងៗទៀត ត្រូវតែបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ ចូលការពារតៃវ៉ាន់ ប្រសិនបើដែនកោះមួយនេះ ត្រូវរងការវាយប្រហារ មកពីប្រទេសចិន។
លោក តារ៉ូ អាសូ អតីតនាយករដ្ឋមន្រ្ដីជប៉ុន បានសង្កត់ធ្ងន់ នៅក្នុងសុន្ទរកថាមួយ នៅទីក្រុងតៃប៉ិ នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់នោះ ថា «អ្វីដែលសំខាន់បំផុត នាពេលនេះ ត្រូវតែធ្វើឱ្យប្រាកដ ថា សង្រ្គាមមិនអាចផ្ទុះឡើង នៅច្រកសមុទ្រតៃវ៉ាន់។ ខ្ញុំជឿ ថា ឥឡូវនេះ ជាពេលវេលាដែលប្រទេសជប៉ុន តៃវ៉ាន់ សហរដ្ឋអាមេរិក និង បណ្ដាប្រទេសផ្សេងៗទៀត មានគំនិតដូចគ្នា ត្រូវតែរៀបចំខ្លួនត្រៀមទុកជាមុន សម្រាប់ចាត់វិធានការ ទប់ស្កាត់ដ៏ខ្លាំងបំផុត ហើយជាការតាំងចិត្ត ដើម្បីប្រយុទ្ធ»។
លោកអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងតែកាន់អំណាច នៅក្នុងប្រទេសជប៉ុន បានបន្ថែម ថា ការបង្ហាញយ៉ាងច្បាស់នូវសុច្ឆន្ទៈ ការពារតៃវ៉ាន់ នឹងក្លាយជាទម្រង់រារាំង ដល់សង្គ្រាម នៅច្រកសមុទ្រតៃវ៉ាន់។ ថ្វីបើគាត់មិនបានបញ្ជាក់ អំពីប្រទេសចិន ជាអ្នកឈ្លានពានយ៉ាងណាក្ដី ប៉ុន្តែគាត់បាននិយាយ ថា វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជប៉ុន នៅក្នុងនាមជាអ្នកជិតខាងរបស់តៃវ៉ាន់ និង ប្រទេសដទៃទៀត ត្រូវតែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ហើយក៏ជាការផ្ញើសារមួយ ទៅកាន់ប្រទេសចិន និង សហគមន៍អន្តរជាតិផ្សេងៗទៀតផងដែរ។:quality(70)/cloudfront-us-east-1.images.arcpublishing.com/archetype/X6BZNPZKXBFVDGBUFKJCEPVYSU.jpg)
លោក តារ៉ូ អាសូ ក្លាយជាមន្ត្រីនយោបាយជាន់ខ្ពស់បំផុតរបស់ប្រទេសជប៉ុន បានទៅធ្វើទស្សនកិច្ច នៅលើកោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ១៩៧២មកស្ថានភាពតានតឹង នៅជុំវិញកោះតៃវ៉ាន់ បានរួមចំណែកដល់ការសម្រេចចិត្តរបស់ជប៉ុន ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក កំពុងតែបង្កើននូវការចំណាយ លើវិស័យការពារជាតិរបស់ខ្លួនបន្ថែមទៀត។ លោក តារ៉ូ អាសូ កាលពីនៅកាន់តំណែងជាឧបនាយករដ្ឋមន្រ្ដីជប៉ុន កាលពីអំឡុងឆ្នាំ២០២១ បានហៅការឈ្លានពានណាមួយ ពីប្រទេសចិន ក្លាយជាការគំរាមកំហែង មកលើការរស់រានមានជីវិតរបស់ជប៉ុន។ ដូច្នេះ ជប៉ុន និង សហរដ្ឋអាមេរិក នឹងរួមគ្នាការពារតៃវ៉ាន់ ប្រសិនបើមានឧបទ្ទវហេតុឈ្លានពានកើតឡើង៕










