ទីបំផុតឆន្ទៈដ៏មោះមុតរបស់លោក ទីវ តារារិទ្ធិ ធ្វើដំណើរដោយជិះកង់ឆ្លងកាត់ប្រទេស៦ក្នុងតំបន់អាស៊ានដើម្បីរៃអង្គាសប្រាក់ជួយដល់កុមារកម្ពុជាពេលនេះលោកសម្រេចគោលបំណងហើយដោយទទួលបានប្រាក់ជាង៥ម៉ឺនដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ។
នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យកុមារអង្គរ បានធ្វើដំណើរទទួលស្វាគមន៍ អ្នកជិះកង់ លោក ទីវ តារារិទ្ធិ ដោយជិះកង់រួមគ្នា ចេញពីស្រះស្រង់ មកកាន់បរិវេណមន្ទីរពេទ្យកុមារអង្គរ។ ថ្នាក់ដឹកនាំ បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ និងអ្នកគាំទ្រជាច្រើនរបស់តារារិទ្ធិ បានស្វាគមន៍យ៉ាងអធិកអធមនៅក្នុងបរិវេណមន្ទីរពេទ្យកុមារអង្គរ ឆ្លៀតក្នុងឱកាសដ៏អស្ចារ្យនេះដែរ ក៏មានការប្រគល់ពានលើកទឹកចិត្ត និងប្រកាសលទ្ធផល នៃការរៃអង្គាសថវិការបស់តារារិទ្ធិ។
បន្ទាប់ពីការធ្វើដំណើរជិះកង់អស់រយៈចំងាយ ៩ ៧៥០ គីឡូម៉ែត្រ ក្នុងប្រទេសអាស៊ានចំនួន៦ប្រទេសដោយផ្តើមចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេស វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី និងប្រទេសង្ហិបុរី ដោយចំណាយយពេលជិត ៣ខែកន្លងមក អ្នកជិះកង់ តារារិទ្ធិ បានរៃអង្គាសថវិកាសរុប ចំនួន ៥៦ ២៥៧ ដុល្លារអាម៉េរិក ($56,257) ។
ចំពោះសមិទ្ធផលដ៏អស្ចារ្យ ការលះបង់កម្លាំងកាយចិត្ត ក្នុងការជិះកង់ផ្សងព្រេងម្នាក់ឯង ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរអ្នកជិះកង់ផ្សងព្រេង តារារិទ្ធិ ត្រូវបានសាធារណជនកោតសរសើរយ៉ាងខ្លាំងចំពោះទង្វើសប្បុររបស់លោករួមចំណែកជួយអាយុជីវិតកុមារកម្ពុជា៕











