ប្រទេសអារ៉ាប៊ីសាអូឌីត ៖ ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ដូចជា ខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងមេកា ខណៈពេលពលរដ្ឋកំពុងតែនាំគ្នាធ្វើបុណ្យ ។ លើសពីនេះ មានរន្ទះបាញ់ជាច្រើនលើកផងដែរ នៅក្បែរអគារដាក់តាំងរូបនាឡិកាដ៏ល្បីល្បាញក្នុងទីក្រុងនេះ ។
ទីក្រុងមេកា គឺជានគរស័ក្តិសិទ្ធិមួយរបស់សាសនាឥស្លាម បានប្រឈមនឹងខ្យល់ព្យុះយ៉ាងខ្លាំង និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឱ្យវាលខ្សាច់នៅតំបន់ខ្លះក្លាយទៅជាសមុទ្រ ហើយសាលាជាច្រើនកន្លែងត្រូវបិទទ្វារភ្លាមៗ ។
អ្នកនាំពាក្យមជ្ឈមណ្ឌលឧតុនិយមជាតិ Hussein Al-Qahtani បានបង្ហោះក្នុងបណ្តាញសង្គម X ដែលជាឈ្មោះថ្មីរបស់ Twitter ថា ខ្យល់ព្យុះដែលកើតឡើងនេះ បណ្តាលឱ្យខ្យល់បក់ខ្លាំងក្នុងចម្ងាយជាង៨០គីឡូម៉ែត្រក្នុង១ម៉ោង ។ ចំណែកនៅតំបន់ខ្លះទៀត យានជំនិះទាំងអស់មិនអាចធ្វើដំណើរនៅតាមផ្លូវបានទេ ដោយសារមានទឹកជំនន់ ខណៈមនុស្សម្នាបានរត់គេចពីខ្យល់ព្យុះ ។
អាជ្ញាធររាយការណ៍ថា គ្មានគ្រោះថ្នាក់ ឬអ្នករងរបួសដោយសារគ្រោះមហន្តរាយធម្មជាតិលើកនេះទេ ចំណែកទឹកជំនន់ភ្លាមៗបានស្រកចុះខ្លះហើយនៅតំបន់មួយចំនួន ប៉ុន្តែស្ថានការណ៍នេះពុំទាន់ល្អប្រសើរនៅឡើយទេ ។ គ្រោះធម្មជាតិលើកនេះ គឺស្រដៀងគ្នានឹងខ្យល់ព្យុះកាលពីឆ្នាំ២០១៥ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលធ្វើឱ្យពលរដ្ឋស្លា.ប់រហូតដល់ជាង១០០នាក់ និងរងរបួសរាប់រយនាក់ទៀត ។
ក្នុងអំឡុងពេលកើតខ្យល់ព្យុះ អាជ្ញាធរប្រចាំទីក្រុងមេកាបានប្រកាសឱ្យបិទសាលារៀនគ្រប់កន្លែង ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ហើយឱ្យសាលារៀនទាំងនេះត្រូវបង្រៀនសិស្សតាមអនឡាញ ដើម្បីឱ្យគ្រប់គ្នាមានសុវត្ថិភាព ។ អ្នកឃើញហេតុការណ៍ជាច្រើននាក់ប្រាប់ថា ស្ថានការណ៍នៅបរិវេណ Masjid al-Haram គួរឱ្យខ្លាចបំផុត ហើយគ្រប់យ៉ាងបានកើតឡើងក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ។ វាជាខ្យល់ព្យុះដ៏អាក្រក់បំផុតតាមអ្វីដែលពួកគេចាំបាន ៕
ប្រភព ៖ Nation World










