នានីតិកាលទី៧នេះ ឯកឧត្តម ទៀ សីហា អតីតអភិបាលខេត្តសៀមរាប ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ជំនួសសម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវជាឪពុក។
មុននឹងក្លាយជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម ទៀ សីហា មានប្រវត្តិតស៊ូ និងការសិក្សាគួរឱ្យកោតសរសើរ។
ឯកឧត្តម កើតនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ១៩៨០ នៅរាជធានីភ្នំពេញ ដែលឯកឧត្តមជាលោកជាកូនប្រុសទី ២ របស់សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ។
កាលពីកុមារភាព លោកបានសិក្សានៅសាលាបឋមសិក្សាចតុមុខ ក្នុងខណ្ឌដូនពេញ រាជាធានីភ្នំពេញ។ លុះឈានដល់វ័យជំទង់ លោកបានចូលរៀនកម្រិតមធ្យមសិក្សា នៅសាលា លី សេ ផាស សុី សាន់ អន នូ រេ(Lycée Passy Saint-Honoré) ប្រទេសបារាំង រហូតប្រឡងចូលមហាវិទ្យាល័យនៅទីនោះ។
លោកបានបញ្ចប់បរិញ្ញាបត្រ ផ្នែកពាណិជ្ជកម្ម ពីមហាវិទ្យាល័យ ផាស សុី សាន់ អន នូ រេ (Passy Saint-Honoré) នាទីក្រុងប៉ារីស ប្រទេសបារាំង នៅឆ្នាំ ២០០១។ ក្នុងដំណាក់កាលនោះ លោកបានចូលសិក្សារយៈពេលពេញមួយឆ្នាំ នៅសាលាទាហាន អេ ខូល (École Spéciale Militaire de Saint-Cyr) ដែលជារាជបណ្ឌិត្យសភាយោធារបស់ប្រទេសបារាំង។
ក្រោយបញ្ចប់ការសិក្សា លោកបានវិលត្រឡប់មកកាន់មាតុភូមិវិញឆ្នាំ ២០០១ រួចចូលបម្រើការជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងពេលនោះ លោកក៏ឆ្លៀតពេល បង្កើនសមត្ថភាពផ្នែកគ្រប់គ្រង នៅរាជបណ្ឌិត្យសភារដ្ឋបាលជាន់ខ្ពស់នាឆ្នាំ ២០០៧-២០០៨។
នៅឆ្នាំ ២០១០-២០១៣ ស្របពេលវិវាទដីធ្លីកំពុងតែកើតឡើង រាជរដ្ឋាភិបាលបានបង្កើតក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងដីធ្លី នៅទូទាំងប្រទេស ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ លោកក៏ត្រូវបានចាត់តាំង ជាប្រធានក្រុមយុវជនស្ម័គ្រចិត្តខេត្តសៀមរាប ដែលក្នុងដំណាក់កាលនោះ លោកត្រូវបានតែងតាំងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបផងដែរ។
ឯកឧត្តម ទៀ សីហា ជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ អត្តលេខ ០១៩៨៦៤ ទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ដោយព្រះរាជក្រឹត្យចុះថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១១ និងទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ ដោយព្រះរាជក្រឹត្យចុះថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៤។
លុះដល់ សីហា ឆ្នាំ២០១៧ លោកបានកាន់តំណែងជាអភិបាលរងខេត្តសៀមរាប មុននឹងឡើងកាន់តំណែងផ្លូវការជាអភិបាលខេត្ត បន្តពីលោក ឃឹម ប៊ុនសុង នៅក្នុងឆ្នាំ២០១៨។
ដោយឡែកនៅក្នុងនីតិកាលទី៧នេះ ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា ឯកឧត្តម ទៀ សីហា ត្រូវបានផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ៕










