ប្រទេសឥណ្ឌា ៖ បាតុភូតអេលនីណូនៅឆ្នាំ២០២៣ បានធ្វើឱ្យប្រទេសឥណ្ឌាប្រឈមមុខនឹងគ្រោះរាំងស្ងួត មានភ្លៀងធ្លាក់តិចជាងធម្មតា ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ទិន្នផលកសិកម្មជាច្រើន ជាពិសេស ខ្ទឹមបារាំង ។ ចុងក្រោយ អត្រាពន្ធនាំចេញខ្ទឹមបារាំងរបស់ឥណ្ឌាបានកើនឡើងខ្ពស់ក្នុងអត្រា៤០% រហូតដល់ចុងឆ្នាំ២០២៣ ។
បច្ចុប្បន្ន តម្លៃជាមធ្យមរបស់ខ្ទឹមបារាំងលក់ដុំនៅប្រទេសឥណ្ឌា គឺស្មើនឹង២.៤០០រូពីសម្រាប់១០០គីឡូក្រាម និងបានកើនឡើងប្រមាណ២០% ចាប់ពីខែមិថុនា រហូតដល់ខែសីហា ឆ្នាំ២០២៣ ស្របពេលគេបារម្ភថា រដូវវស្សាមានសភាពរាំងស្ងួតជាងធម្មតា ។ ការិយាល័យឧតុនិយមឥណ្ឌារំពឹងថា បរិមាណទឹកភ្លៀងនៅខែសីហា គឺមានកម្រិតទាបបំផុត បើគិតតាំងពីឆ្នាំ១៩០១ ដោយសារបាតុភូតអេលនីណូបានធ្វើឱ្យប៉ះពាល់ដល់ការដាំដំណាំ និងការប្រមូលផលខ្ទឹមបារាំង ។
ក្រសួងពាណិជ្ជកម្មបានដំឡើងអត្រាពន្ធការនាំចេញខ្ទឹមបារាំងស្មើនឹងអត្រា៤០% និងចាប់ផ្តើមអនុវត្តភ្លាមៗ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីរក្សាស្ថេរភាពរបស់ទីផ្សារម្ហូបអាហារនៅក្នុងប្រទេស ជាពិសេស បន្លែស្រស់ ។
អ្នកជំនាញលើកឡើងថា វិធានការដំឡើងពន្ធលើកនេះ វានឹងធ្វើឱ្យការនាំចេញទំនិញរបស់ឥណ្ឌាធ្លាក់ចុះ ដោយសារខ្ទឹមបារាំងរបស់ឥណ្ឌាមានតម្លៃខ្ពស់ជាងប្រទេសផ្សេងទៀត ដូចជា ចិន ប៉ាគីស្ថាន និងអេហ្ស៊ីប ។ ប៉ុន្តែតម្លៃខ្ទឹមបារាំងនៅប្រទេសឥណ្ឌានឹងធ្លាក់ចុះ ដោយសារមានខ្ទឹមបារាំងច្រើន ។
ទោះយ៉ាងណា ខណៈឥណ្ឌាជាប្រទេសនាំចេញខ្ទឹមបារាំងលំដាប់ទី១ លើពិភពលោក បានកំណត់ការនាំចេញបែបនេះ វាអាចធ្វើឱ្យខ្វះខាតខ្ទឹមបារាំងនៅលើទីផ្សារពិភពលោក ដោយសារប្រទេសផ្សេងទៀតមិនអាចនាំចេញផលិតផលប្រភេទនេះក្នុងចំនួនច្រើនដូចឥណ្ឌាទេ ។ លើសពីនេះ វាអាចធ្វើឱ្យប្រទេសទាំងនោះដំឡើងថ្លៃខ្ទឹមបារាំងរបស់ពួកគេទៀតផង ៕ ប្រភព ៖ TNN Earth










