យោងតាមឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា ក្រោយមានករណីរំដោះអ្នកទោសនៅខេត្តសៀមរាប មកដល់ពេលនេះ សមត្ថកិច្ចចាប់ខ្លួនបានក្រុមឧក្រិដ្ឋជនមួយចំនួនហើយ ប៉ុន្តែមេក្លោងដែលជាអ្នកទោសនោះ មិនទាន់ត្រូវបានចាប់ខ្លួនបាននៅឡើយទេ។

ក្រុមឧក្រិដ្ឋជនដែលនគរបាលចាប់ខ្លួនបានទាំងនោះ មានចំនួន ៦នាក់ដែលនគរបាលចាប់ខ្លួនបាននៅគោលដៅចំនួន២ផ្សេងគ្នា ដោយនៅយប់ថ្ងៃទី១៧ សីហា នគរបាលចាប់ខ្លួនបាន៤នាក់ នៅខណ្ឌបឹងកេងកង និងមួយគោលដៅទៀតគឺចាប់ខ្លួនចំនួន២នាក់ នាព្រឹកថ្ងៃទី១៨ ខែសីហា នៅសណ្ឋាគារមួយក្បែរតំបន់កោះពេជ្រ។
សូមជម្រាបថា អ្នកទោសគ្រឿងញៀនជាជនជាតិចិន ឈ្មោះ Chen Hsin Han គឺជាមេក្លោងជួញដូរគ្រឿងញៀន ដែលត្រូវតុលាការខេត្តសៀមរាប កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥២ឆ្នាំ កាលពីឆ្នាំ២០០៩៕