ប្រទេសចិន ៖ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបានធ្វើឱ្យពលរដ្ឋចិនមួយចំនួនងាកមករស់នៅតាមបែបថ្មី នៅពេលការចំណាយផ្សេងៗថ្លៃកក់ពពក ជាពិសេស ការជួលបន្ទប់ ឬផ្ទះរស់នៅ ។ ពលរដ្ឋចិនបានស្វែងរកដំណោះស្រាយ ដោយពួកគេជ្រើសរើសមិនទិញផ្ទះ ឬបន្ទប់រស់នៅទេ ប៉ុន្តែពួកគេបានមករស់នៅក្នុងរថយន្តជំនួសវិញ ។
ពលរដ្ឋចិនបានកែច្នៃរថយន្តសម្រាប់ដឹកភ្ញៀវមកធ្វើជាផ្ទះសម្រាប់រស់នៅ ហើយមូលហេតុដែលពួកគេចូលចិត្តរស់នៅបែបនេះ មិនមែនមកពីខ្លាចថា ផ្ទះពួកគេនឹងកើតគ្រោះថ្នាក់ ឬមានរឿងមិនល្អនោះទេ ប៉ុន្តែដោយសារថ្លៃឈ្នួលផ្ទះខ្ពស់ ហើយពួកគេមិនអាចទប់ទល់នឹងការចំណាយថ្លៃផ្ទះ ។ ដូច្នេះ ការរស់នៅក្នុងរថយន្ត គឺជាជម្រើសរបស់អ្នករស់នៅទីក្រុងស៊ិនជិន ។
លោក លី គឺជាបុគ្គលិកការិយាល័យម្នាក់នៅទីក្រុងស៊ិនជិន ប្រទេសចិន ហើយលោកត្រូវចំណាយប្រាក់ខ្ពស់ក្នុងការរស់នៅ ក៏បានសម្រេចចិត្តមករស់នៅក្នុងរថយន្តដែរ ។ ក្នុងរថយន្តរបស់លោក មានគ្រឿងសង្ហារិមស្ទើរគ្រប់ប្រភេទដូចជា គ្រែគេង សាឡុង ទូរសម្លៀកបំពាក់ និងមានផ្ទះបាយសម្រាប់ធ្វើម្ហូប ព្រមទាំងបន្ទប់ទឹកទៀតផង ។ លោកបន្តថា លោកបានធ្វើការក្នុងទីក្រុងអស់រយៈពេល១០ឆ្នាំហើយ ហើយមានអារម្មណ៍ថា លោកគ្មានអ្វីជារបស់ខ្លួនឯងទេ ។ ប៉ុន្តែនៅពេលលោកមានរថយន្ត១គ្រឿងនេះ លោកមានអារម្មណ៍ថា វាជាកម្មសិទ្ធិរបស់លោកពិតប្រាកដ ។
រីឯអ្នកនាង ហ័រ អាយុ២៨ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុនមួយ បានសម្រេចចិត្តមករស់នៅក្នុងរថយន្តជំនួសផ្ទះ ។ អ្នកនាង ហ័រ ប្រាប់ថា ក្នុងរថយន្តរបស់នាង គឺនាងរៀបចំជាកន្លែងសម្រាប់គេងឱ្យបានច្រើន និងគ្មានសម្ភារៈអ្វីច្រើនទេ ប៉ុន្តែនាងត្រូវប្រើប្រាស់បន្ទប់ទឹកសាធារណៈ ។ ការរស់នៅបែបនេះ វាជួយឱ្យនាងអាចសន្សំសំចៃប្រាក់បានច្រើន ព្រោះកាលពីមុន នាងបានជួលបន្ទប់ក្នុងតម្លៃ២.៥០០យាន់ ពេលនេះ នាងគ្រាន់តែចាយថ្លៃការតុបតែងរថយន្តប៉ុណ្ណោះ ។ នាងមានអារម្មណ៍ថា មានសេរីភាព ព្រោះតាំងពីនាងបានមករស់នៅក្នុងរថយន្ត នាងពុំចាំបាច់មានកន្លែងរស់នៅពិតប្រាកដទេ ។ ម្យ៉ាងទៀត បើនាងចង់ផ្លាស់ប្តូរទីកន្លែងការងារទៅទីក្រុងផ្សេងទៀត នាងពុំចាំបាច់ដឹកជញ្ជូនសម្ភារៈច្រើនទេ ។
ចំណែកលោក ចាង ស៊ី និងភរិយា បានសម្រេចចិត្តមករស់នៅក្នុងរថយន្ត ហើយលោកក៏បានធ្វើការងារជាអ្នកកែច្នៃរថយន្តឱ្យក្លាយជាផ្ទះសម្រាប់រស់នៅផងដែរ ។ លោកនិយាយថា អ្នកមានជីវភាពធម្មតា គ្មានលទ្ធភាពជួលបន្ទប់រស់នៅថ្លៃៗនៅក្រុងស៊ិនជិនទេ ហើយតាំងពីលោកប្តូរមករស់នៅក្នុងរថយន្ត នៅខែឧសភា ឆ្នាំ២០២២ ឃើញថា លោកអាចសន្សំសំចៃថ្លៃបន្ទប់ និងថ្លៃធ្វើដំណើរ ។
តាមការស្ទង់មតិចុងក្រោយបង្ហាញថា ការចំណាយលើការរស់នៅរបស់ពលរដ្ឋក្នុងទីក្រុងក្រុងស៊ិនជិន គឺស្មើនឹងអត្រា៤៩% នៃប្រាក់ចំណូលសរុបរបស់ពួកគេ ។ ចំណែកការទិញផ្ទះចាស់វិញ ជាមធ្យមមានតម្លៃ៦៥.០០០យាន់សម្រាប់១ម៉ែត្រការ៉េ ហើយតម្លៃនេះខ្ពស់ជាងប្រាក់ខែជាមធ្យមរបស់បុគ្គលិកក្រុមហ៊ុនឯកជន រហូតដល់៩ដង ៕
ប្រភព ៖ Thai PBS










