សហរដ្ឋអាមេរិក ៖ ភ្ញៀវទេសចរ និងមនុស្សម្នារស់នៅទីក្រុងឈីកាហ្គោ រដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក បានសប្បាយរីករាយ និងរំភើបនៅពេលពួកគេឃើញកូនទាជ័រតូចពណ៌លឿងគួរឱ្យស្រឡាញ់ចំនួនជាង៩ម៉ឺនក្បាល ត្រូវបានគេលែងចេញពីគូទរថយន្តធំដែលចតនៅលើស្ពាន Columbus Drive ចូលក្នុងទន្លេសំខាន់ក្នុងទីក្រុង ។
ការលែងកូនទាជ័រទាំងនេះ គឺដើម្បីធ្វើការប្រណាំងនៅលើទឹក និងទៅកាន់គោលដៅក្នុងពិធីប្រកួត Ducky Derby 2023 ។ គេសង្កេតឃើញថា មានភ្ញៀវទេសចរអន្តរជាតិ និងពលរដ្ឋរស់នៅទីនេះរាប់ពាន់នាក់ចាប់អារម្មណ៍ និងនាំគ្នាមករង់ចាំទស្សនានៅតាមមាត់ច្រាំងទាំងសងខាង ។
ពិធីប្រណាំងកូនទាលឿងបណ្តែតទឹក គឺជាផ្នែកមួយនៃការរៃអង្គាសប្រាក់ប្រចាំឆ្នាំ ដែលបើកឱកាសឱ្យពលរដ្ឋទូទៅចូលរួមបរិច្ចាគប្រាក់ដើម្បីគាំទ្រកម្មវិធី Special Olympics ។ វាជាការផ្តល់ឱកាសដល់កុមារ និងមនុស្សពេញវ័យជាង២ម៉ឺន១ពាន់នាក់ ដែលមានបញ្ហាពិការភាពផ្នែកបញ្ញានៅទូទាំងរដ្ឋ ក្នុងការប្រកួតប្រជែងកីឡា, ការសិក្សា, សុខភាព និងការអភិវឌ្ឍផ្ទាល់ខ្លួន ។
អ្នកចាប់អារម្មណ៍អាចបរិច្ចាគប្រាក់តាមការស្ម័គ្រចិត្ត គឺចាប់ផ្តើមពីចំនួន៥ដុល្លារអាមេរិកសម្រាប់កូនទាពណ៌លឿង១ក្បាល ។ ចំណែកការបរិច្ចាគជាកញ្ចប់ (Quack Pack) គឺចំណាយប្រាក់ត្រឹមតែ២៥ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់កូនទា៦ក្បាល ។ លើសពីនេះ អ្នកចូលរួមអាចបរិច្ចាគប្រាក់សម្រាប់កូនទា១ហ្វូងផងដែរ ដោយពួកគេត្រូវបរិច្ចាគប្រាក់ចំនួន១០០ដុល្លារអាមេរិក ។
ក្រោយពីពិធីប្រណាំងកូនទាបញ្ចប់ អ្នករៀបចំកម្មវិធីបញ្ជាក់ថា ពួកគេអាចរៃអង្គាសប្រាក់ក្នុងឆ្នាំ២០២៣ រហូតដល់ជាង៤២ម៉ឺនដុល្លារអាមេរិក ហើយពួកគេនឹងយកប្រាក់នេះទៅឧបត្ថម្ភកម្មវិធី Special Olympic បន្តទៀត ។ ជាមួយគ្នានេះ អ្នកបរិច្ចាគប្រាក់អាចទទួលបានរង្វាន់ធំផងដែរ ប្រសិនបើកូនទារបស់ខ្លួនទៅកាន់គោលដៅមុនគេ ហើយអ្នកទទួលជ័យជម្នះ Ducky Derby នឹងទទួលបានរថយន្ត Chevy Trax ឆ្នាំ២០២៤ មួយគ្រឿង ៕
ប្រភព ៖ TNN World










