ប្រទេសថៃ ៖ តាមលទ្ធផលការស្ទង់មតិរបស់គេហទំព័រមួយឈ្មោះ Travelness បង្ហាញថា ទីក្រុងបាងកក ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី១ ដែលមានភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តច្រើនបំផុតលើពិភពលោក ក្នុងឆ្នាំ២០២៣ ។ ការចាត់ចំណាត់ថ្នាក់នេះ គឺផ្អែកលើចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកស្នាក់នៅ និងបានចំណាយប្រាក់លើសេវាកម្មផ្សេងៗនៅប្រទេសថៃ ។
តាមការចាត់ចំណាត់ថ្នាក់នេះបង្ហាញថា ទីក្រុងបាងកកបានជាប់ចំណាត់ថ្នាក់ទី១ ដែលមានភ្ញៀវទេសចរមកកម្សាន្តចំនួន២២,៧៨លាននាក់ ហើយទីក្រុងបាងកកបានវ៉ាដាច់ទីក្រុងប៉ារីសរបស់ប្រទេសបារាំង ដែលមានភ្ញៀវទេសចរមកកម្សាន្តត្រឹមតែ១៩,០៩លាននាក់ ។ ដូច្នេះ ទីក្រុងប៉ារីស បានជាប់ចំណាត់ថ្នាក់ទី២ នៅឆ្នាំ២០២៣ ។
ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅប្រទេសថៃ ពួកគេនិយមទៅលេងនៅតំបន់ទេសចរណ៍វប្បធម៌ និងទិញចំណីអាហារលក់នៅតាមផ្លូវយ៉ាវរ៉ាជ និងផ្លូវខាវសាន ក្នុងទីក្រុងបាងកក ។ លើសពីនេះ ពួកគេក៏បានទៅកម្សាន្តនៅវត្តល្បីៗជាច្រើន ដូចជា វត្តអារុណ និងវត្តព្រះស្រីរតនា សាតសាដារាម (ឬវត្តព្រះកែវ) ផងដែរ ។
លើសពីនេះ ទស្សនាវដ្តីពាណិជ្ជកម្ម និងទេសចរណ៍ (Business Traveller) បានផ្តល់ចំណាត់ថ្នាក់ទី១ ឱ្យទីក្រុងបាងកក ប្រទេសថៃ គឺជាទីក្រុងគួរមកសម្រាកលំហែកាយបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (Best Leisure time city in Asia-Pacific) ក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ។ នេះបើតាមការស្ទង់មតិរបស់ Business Traveller Asia-Pacific Awards 2022 កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ៕
ប្រភព ៖ Mono News










