ប្រទេសឥណ្ឌូណេស៊ី ៖ យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ចិនបង្ហាញថា ប្រទេសឥណ្ឌូណេស៊ីបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ និងអាចទាក់ទាញចំណាប់អារម្មណ៍របស់ជនជាតិចិនកាន់តែច្រើនជាបន្តបន្ទាប់ ។
ជនជាតិចិនបានក្លាយជាក្រុមភ្ញៀវទេសចរអន្តរជាតិដ៏ច្រើនបំផុតនៅប្រទេសឥណ្ឌូណេស៊ី និងបានបង្កើតឱកាសរីកចម្រើនផ្នែកសេដ្ឋកិច្ចដល់ប្រទេសនេះផងដែរ ។ គេសង្ឃឹមថា នឹងមានជនជាតិចិនធ្វើដំណើរមកកម្សាន្តនៅទីនេះកាន់តែច្រើន ។
អ្នកធ្វើការពាក់ព័ន្ធសម្លឹងឃើញថា នៅមានវិធីជាច្រើនទៀតដែលជួយធ្វើឱ្យតំបន់ជនបទឥណ្ឌូណេស៊ីទទួលបានប្រយោជន៍ពីការមកម្សាន្តរបស់ភ្ញៀវទេសចរចិន ខណៈពួកគេមិនទៅកម្សាន្តនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ។ ប៉ុន្តែពួកគេបានមកកម្សាន្តនៅតំបន់អាស៊ី ជាពិសេស ឥណ្ឌូណេស៊ី ដែលប្រទេសនេះបានផ្តល់នូវបទពិសោធន៍ដល់ពួកគេ ច្រើនជាងការសប្បាយតែម្យ៉ាង ។
តំបន់ទេសចរណ៍ធម្មជាតិមួយចំនួននៅប្រទេសឥណ្ឌូណេស៊ីមានទេសភាពស្រស់ស្អាតបំផុតលើពិភពលោក ដូចជា តំបន់ព្រៃភ្នំ ឆ្នេរសមុទ្រ និងតំបន់ព្រៃត្រូពិច ។ ក្រៅពីនេះ ឥណ្ឌូណេស៊ីមានតំបន់ទេសចរណ៍ China Town នៅទីក្រុងហ្សាកាតាផងដែរ ដែលទទួលបានការនិយមចូលចិត្តពីភ្ញៀវទេសចរចិនយ៉ាងខ្លាំង ពីព្រោះភ្ញៀវទេសចរត្រូវការទស្សនានូវភាពចម្រុះគ្នារវាងវប្បធម៌ចិន និងវប្បធម៌ក្នុងតំបន់ ។
ភ្ញៀវទេសចរចិនចូលចិត្តមកកម្សាន្តនៅឥណ្ឌូណេស៊ី ជាពិសេស ក្នុងពិធីបុណ្យចូលឆ្នាំចិន ដោយសារមានការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានាក្នុងបណ្តាញសង្គម ។ គេសង្កេតឃើញថា ក្រៅពីភ្ញៀវទេសចរចិនចាប់អារម្មណ៍ពីវប្បធម៌ និងតំបន់ទេសចរណ៍នានាហើយ ពួកគេក៏បានចាប់អារម្មណ៍ការមុជទឹកសមុទ្រផងដែរ ។ ដូច្នេះ វាជាសកម្មភាពមួយដែលផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចឥណ្ឌូណេស៊ី ៕
ប្រភព ៖ Nation World










