អជ្ញាធរព្រះសីហនុប្រកាសទុកពេលឱ្យដល់ថ្ងៃ៣១ សីហា ឆ្នាំ២០២៣ បញ្ឈប់រាល់សកម្មភាពសាងសង់សំណង់ផ្សេងៗ នៅលើដីចំណីឆ្នេរព្រែកត្រែងដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងគោលបំណងរៀបចំឆ្នេរព្រែកត្រែងឱ្យក្លាយជាឆ្នេរសាធារណៈសម្រាប់សាធារណជនមកលេង កម្សាន្តដោយមិនមានការបង់ប្រាក់។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះថា ប្រជាពលរដ្ឋមួយចំនួន ដែលបានសង់រោង តូប និងបានដាក់ខ្ចុះចល័តមិនរៀបរយនៅលើដីឆ្នេរសាធារណៈ ស្ថិតនៅឆ្នេរព្រែកត្រែង សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មេត្តាជ្រាបថា៖ ការសង់សំណង់មិនរៀបរយរបស់បងប្អូន បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងអនាម័យបរិស្ថាននៅតាមតំបន់ឆ្នេរ ស្របពេលដែលខេត្តព្រះសីហនុកំពុងទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តកើនឡើងជាបន្តបន្ទាប់។

ក្នុងគោលបំណងរៀបចំឆ្នេរព្រែកត្រែងឱ្យក្លាយជាឆ្នេរសាធារណៈសម្រាប់សាធារណជនមកលេង កម្សាន្តដោយមិនមានការបង់ប្រាក់ ព្រមទាំងរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ មានសោភ័ណភាព និងអនាម័យបរិស្ថានល្អប្រសើរ រដ្ឋបាលក្រុងព្រះសីហនុសូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមានការ ពាក់ព័ន្ធដូចខាងក្រោម៖
១. បញ្ឈប់រាល់សកម្មភាពសាងសង់សំណង់ផ្សេងៗ នៅលើដីចំណីឆ្នេរព្រែកត្រែងចាប់ពីថ្ងៃជូនដំណឹង
នេះតទៅ ។
២. ត្រូវធ្វើការរុះរើសំណង់មិនរៀបរយដោយស្ម័គ្រចិត្ត និងជញ្ចូនយកចេញឱ្យអស់ពីទីតាំង នៅមុន ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ជាកំហិត។ផុតកាលបរិច្ឆេទកំណត់ខាងលើ ក្នុងករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលក្រុងនឹងចាត់វិធានការ រុះរើដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារឡើយ៕