មានការចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គមទិកតុក និងមានពាក្យខ្សឹបខ្សៀវគ្នាថា ចំណងស្នេហា ខាត់ វៃហាំង និង ស៊ីន យូប៊ីន ហាក់មានភាពរង្គោះរង្គើហើយបន្ទាប់ពីរយៈចុងក្រោយនេះអ្នកទាំងពីរសុទ្ធតែបង្ហាញអារម្មណ៍សេដដូចគ្នា ខណៈពួកគេបានចូលរួមក្នុងកម្មវិធីសប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ជាមួយគ្នាពិតមែនប៉ុន្តែមិនបង្ហាញភាពស្និទ្ធស្នាលយកចិត្តទុកដាក់ជាមួយគ្នាដូចមុនឡើយ។

ចំណងស្នេហារយៈពេល១០ឆ្នាំមកនេះរវាងតារាសម្តែងល្បីឈ្មោះ ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង មានការសាទរយ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្រនិងអ្នកក្នុងចង្កោមសិល្បៈព្រមទាំងចង់ឃើញអ្នកទាំងពីរដឹកដៃគ្នាចូលរោងការឆាប់ៗទៀតផង ខណៈកន្លងមក យូប៊ីន ក៏បាន mention វៃហាំង ផងដែរពេលគូស្នេហ៍តារាថៃសុំគ្នារៀបការ។

ទោះយ៉ាងណា ថ្មីៗមកនេះពោលគឺនៅថ្ងៃទី៧ ខែសីហា អំឡុងពេលតារាសម្តែងទាំងពីរដួងយូប៊ីន និង វៃហាំង មានកិត្តិយសពិសេសបានចូលរួមសម្តែងនៅក្នុងពិធីសប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ឃើញថា អ្នកទាំងពីរពុំសូវស្និទ្ធស្នាលដូចមុន និងមានទឹកមុខមិនសូវស្រស់បស់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះនៅលើបណ្តាញសង្គមទិកតុកអ្នកទាំងពីរសុទ្ធតែបង្ហាញអារម្មណ៍សេដរៀងៗខ្លួន។

ការបង្ហាញពីអារម្មណ៍សេដ រួមជាមួយវីដេអូដែលអ្នកទាំងពីរពុំសូវបង្ហាញការយកចិត្តទុកដាក់គ្នាធ្វើឱ្យហ្វេនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណងស្នេហារបស់ពួកគេ និងសង្ឃឹមថាបើសិនជា ស៊ីន យូប៊ីន និង ខាត់ វៃហាំង មានបញ្ហានិងគ្នាមែននោះសង្ឃឹមអ្នកទាំងពីរដោះស្រាយគ្នាបានព្រោះហ្វេនៗពិតជាមិនចង់ឃើញការបែកបាក់របស់អ្នកទាំងពីរឡើយ។

ទន្ទឹមនឹងមានការសង្ស័យចំណងស្នេហ៍មួយគូនេះមានភាពរង្គោះរង្គើនោះហ្វេនៗខ្លះទៀតក៏បង្ហាញថាកុំអាលមានការវិនិច្ឆ័យអ្វីប្រសិនជាមិនទាន់មានអ្វីបញ្ជាក់ ខណៈអ្នកខ្លះទៀតបានលើកឡើងថាការពិតទៅជាយ៉ាងណា សូមឱ្យហ្វេនៗគោរពតាមការសម្រេចចិត្ដរបស់ ស៊ីន យូប៊ីន និង ខាត់ វៃហាំង ៕