រាជធានីបាងកក៖ ក្រោយពេលមេដឹកនាំគណបក្សប្រឆាំងឈ្នះឆ្នោត នៅក្នុងប្រទេសថៃ ខកខាន មិនបានទទួលសំឡេងគាំទ្រ ពីសមាជិកសភា ជាក្រុមអភិរក្សនិយម និង សមាជិកព្រឹទ្ធសភា ត្រូវបានពួកយោធាតែងតាំង រួចមក គណបក្សភឿថៃ ដែលមានសមាជិកសភាច្រើនលំដាប់ទី២ ក៏ងាកទៅចាប់ដៃជាមួយនឹងគណបក្សភូមចៃថៃ ដែលមេដឹកនាំរបស់គណបក្សមួយនេះ មានតំណែង ជាឧបនាយករដ្ឋមន្រ្ដី និង ជារដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណៈ នៅក្នុងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា មេដឹកនាំរដ្ឋប្រហារយោធា។
សារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃអង្គារ ទី៨ ខែសីហា ថា គណបក្សភឿថៃ បានប្រកាស កាលពីថ្ងៃចន្ទ ថា គណបក្សមានសំឡេងច្រើនលំដាប់លេខ២មួយនេះ កំពុងតែបង្កើតសម្ពន្ធមិត្ដ ជាមួយនឹងគណបក្សភូមចៃថៃ (Bhumjaithai) និង បើកចំហដល់គណបក្សផ្សេងៗទៀត ចូលរួម នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត កាលពីជិត៣ខែកន្លងមកនេះ។
គណបក្សភឿថៃ ក្រោមការដឹកនាំរបស់គ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា បានឈ្នះសំឡេងគាំទ្រ ភាគច្រើនលំដាប់ទី២ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ គណបក្សភឿថៃ កាលពីសប្ដាហ៍មុន បានព្យាយាមបង្កើតរដ្ឋាភិបាលមួយ ជាមួយនឹងគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដែលជាអ្នកឈ្នះឆ្នោត ប៉ុន្ដែមេដឹកនាំរបស់គណបក្សមួយនវ មិនបានទទួលការគាំទ្រ ពីសមាជិកសភា និង ព្រឹទ្ធសភា ដែលជាពួកអភិរក្សនិយម។
គណបក្សឆ្ពោះទៅមុខ បានទទួលអាសនៈសភា ចំនួន១៥១នាក់ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ខណៈគណបក្សភឿថៃ បានទទួលអាសនៈសភាចំនួន១៤១នាក់ និង គណបក្សភូមចៃថៃ (Bhumjaithai) ដែលមានសមាជិកច្រើនលំដាប់លេខ៣ ដោយបានទទួលអាសនៈសភា ចំនួន៧១នាក់។
លោក ឆូលណាន់ ស្រីកែវ (Cholnan Srikaew) មេដឹកនាំគណបក្សភឿថៃ បានបញ្ជាក់ ថា« គណបក្សភឿថៃ និង គណបក្សភូមចៃថៃ នឹងបង្កើតរដ្ឋាភិបាលថ្មី ដោយមានការគាំទ្រ មកពីគណបក្សផ្សេងៗទៀត។ រីឯលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) មហាសេដ្ឋីអចនទ្រព្យ នៅតែជាបេក្ខជននាយករដ្ឋមន្រ្ដីដដែល»។
មេដឹកនាំគណបក្សភឿថៃ បានប្រាប់ដល់សន្និសីទសារព័ត៌មាន ថា«យើងសូមថ្លែងអំណរគុណដល់គណបក្សភូមចៃថៃ ទទួលយកការអញ្ជើញឲ្យចូលរួមបង្កើតរដ្ឋាភិបាលថ្មី។ ដូច្នេះយើងអាចត្រួសត្រាយនូវការជាប់គាំងនយោបាយនេះ»។
ថៃ ជាប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់លេខ២ នៅក្នុងប្លុកអាស៊ាន ប៉ុន្ដែប្រទេសមួយនេះ បានហ៊ុមព័ទ្ធ ដោយភាពមិនប្រាកដប្រជាខាងនយោបាយ ចាប់តាំងពីគណបក្សប្រឆាំងនានា បានយកឈ្នះ លើគណបក្សប្រជែង គាំទ្រដោយយោធា ដែលកំពុងតែគ្រប់គ្រងអំណាច នៅក្នុងការបោះឆ្នោត កាលពីខែឧសភា។
គណបក្ស Move Forward បានធ្វើយុទ្ធនាការកែទម្រង់ច្បាប់ ស្តីពីការប្រមាថដ៏ចម្រូងចម្រាសរបស់ប្រទេសថៃ ទើបធ្វើឲ្យសមាជិកព្រឹទ្ធសភា ដែលត្រូវបានពួកយោធា តែងតាំង មិនបោះឆ្នោតគាំទ្រលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) មេដឹកនាំគណបក្សនេះ ក្លាយជានាយករដ្ឋមន្ត្រី។ ចាប់តាំងពីពេលនោះមក ក្រុមអ្នកគាំទ្រគណបក្សឈ្នះឆ្នោតមួយនេះ បានចេញមកតាមដងផ្លូវ ហើយអំពាវនាវឱ្យអ្នកនយោបាយទាំងអស់ គោរពតាមឆន្ទៈរបស់ប្រជាជន។
ក្រោយពេលព្រឹទ្ធសភាបានរារាំងដល់ការឈរឈ្មោះរបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ សម្រាប់តំណែងនាយករដ្ឋមន្ត្រី ជាលើកទីពីររួចមក គណបក្សភឿថៃ បានដកខ្លួនចេញពីសម្ពន្ធភាពទាំង៨ ក្រោមការដឹកនាំរបស់គណបក្ស MFP។ ប៉ុន្ដែឥឡូវនេះ គណបក្សភឿថៃ បានអះអាង ថា ភឿថៃ នឹងព្យាយាមផ្ដាច់ខ្លួនចេញ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។
លោក ឆូលណាន់ មេដឹកនាំគណបក្សភឿថៃ បានបញ្ជាក់ទៀត ថា «យើងមិនទទួលបានការគាំទ្រគ្រប់គ្រាន់ មកពីគណបក្សផ្សេងទៀត និង ព្រឹទ្ធសភា នោះឡើយ ខណៈគណបក្សឆ្ពោះទៅមុខ កំពុងតែព្យាយាម បង្កើតរដ្ឋាភិបាល។ គណបក្សភឿថៃ (Pheu Thai) នឹងមានឱកាសជោគជ័យខ្ពស់ នៅក្នុងការបង្កើតរដ្ឋាភិបាល ជាមួយនឹងគណបក្សភូមចៃថៃ»។
លោក អានុទីន ឆានវីរ៉ាគុល (Anutin Charnvirakul) មេដឹកនាំគណបក្សភូមចៃថៃ ក៏បានអះអាង ថា គណបក្សរបស់គាត់ នឹងនៅតែស្ថិតក្នុងសម្ពន្ធភាពនេះ ក្រោមការដឹកនាំរបស់គណបក្សភឿថៃ ល្គឹកណាគណបក្សឆ្ពោះទៅមុខ មិនស្ថិតក្នុងសម្ពន្ធភាពជាមួយគ្នា ហើយពួកគេនឹងមិនអាចបង្កើតរដ្ឋាភិបាលបាន ជាមួយនឹងសំឡេងភាគតិចនោះឡើយ។
សមាជិកសភាទាំង២របស់ប្រទេសថៃ នឹងចូលរួមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ហើយក្រោយមកនឹងបង្កើតរដ្ឋាភិបាល។ ប៉ុន្ដែកាលបរិច្ឆេទ នៅមិនទាន់កំណត់ សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះជាថ្មីនោះ នៅឡើយ ព្រោះសភាទាំង២ នៅបន្ដរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ ថាតើ លោក ភីថា លីមចារឿនរ៉ាត មេដឹកនាំគណបក្សឆ្ពោះទៅមុខ នឹងអាចឈរឈ្មោះ ជានាយករដ្ឋមន្រ្ដី សម្រាប់សភាបោះឆ្នោតជ្រើសរើស ជាថ្មីដែរឬយ៉ាងណា៕










