បរទេស៖ ខណៈពេលកំពុងរុះរើផ្ទះ បុរសម្នាក់បានរកឃើញ ‘កំណប់ទ្រព្យ’ រាប់ពាន់លានដុល្លារនៅពីក្រោយជញ្ជាំងឥដ្ឋទាំងនោះ។
លោក Stephen Malton រស់នៅក្នុងស្រុក Dorset ភាគនិរតីនៃប្រទេសអង់គ្លេស ត្រូវបានគេជួលឱ្យរុះរើផ្ទះចាស់មួយ។ អ្នកជួលបាននិយាយថាផ្ទះនេះជាកម្មសិទ្ធិរបស់ Arthur Bell ដែលជាវិចិត្រករ Victorian ។
មិនយូរប៉ុន្មាន លោក Stephen Malton ក៏បានមកដល់ផ្ទះដ៏ចាស់ និងទ្រុឌទ្រោមនោះ។ គាត់បានសម្រេចចិត្តប្រើអេស្កាវ៉ាទ័រដើម្បីកម្ទេចវា រំពេចនោះខណៈពេលដែលកំពុងវាយកម្ទេចជញ្ជាំងឥដ្ឋចាស់ទាំងនោះ Malton ស្រាប់តែឃើញអ្វីមួយលេចចេញពីរន្ធជញ្ជាំង។ ភ្លាមនោះគាត់ក៏ឈប់ ហើយរត់ទៅមើលឱ្យជិត បន្ទាប់ពីរុះរើឥដ្ឋម្តងមួយៗ ទិដ្ឋភាពដ៏អស្ចារ្យមួយបានលេចចេញជារូបរាងឡើង។
លោក Malton បានរាប់ជញ្ជាំងនេះដែលមានក្បឿងប៉សឺឡែនពណ៌ស្រស់ស្អាតចំនួន ២៥៦ ភ្លាមនោះ គាត់បានជឿជាក់ថាវាជាឥដ្ឋពិសេសខុសពីធម្មតា។ ដូច្នេះហើយ Malton បានស្នើឱ្យអ្នកជំនាញវាយតម្លៃប្រភពដើមរបស់វា។ ក្រុមអ្នកជំនាញបាននិយាយថា ឥដ្ឋទាំងនេះត្រូវបានបង្កើតឡើងដោយសិប្បករនៅក្នុងទីក្រុង Delft ប្រទេសហូឡង់។ នៅសម័យ Victorian ទីក្រុងនេះគឺជាអ្នកផលិតក្បឿងប៉សឺឡែនឈានមុខគេមួយរបស់ពិភពលោក។ ឥដ្ឋនីមួយៗនៅលើជញ្ជាំងនេះគឺមានតម្លៃរហូតដល់ ១,០០០ ផោន (ជាង ១,២០០ ដុល្លារ)។ ដូចនេះចំនួនឥដ្ឋសរុបទាំង ២៥៦ នោះមានតម្លៃរហូតដល់ជាង ២៥ ម៉ឺនផោន (ស្មើនឹងជាង ៣០ ម៉ឺនដុល្លារ)។
យោងតាមលក្ខខណ្ឌនៃកិច្ចសន្យារុះរើ Malton គឺជាអ្នកមានសិទ្ធិទទួលបានអ្វីៗទាំងអស់ដែលគាត់រកបានពីផ្ទះនេះ ដូច្នេះក្បឿងប៉សឺឡែនដ៏មានតម្លៃទាំងអស់នោះគឺជាកម្មសិទ្ធិរបស់គាត់៕ ប្រភព៖cafef.com










