រាជធានីបាងកក៖ កូនស្រីពៅរបស់នាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ លោក ថាក់ស៊ីន ដែលត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារ បណ្ដេញចេញពីអំណាច កាលពីអំឡុងឆ្នាំ២០០៦ បានប្រកាស អំពីការវិលត្រឡប់របស់ឪពុកលោកស្រី មកដល់ប្រទេសថៃ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ប៉ុន្ដែផែនការនេះ នឹងត្រូវពន្យារពេលវិញ។
សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៤ ខែសីហា ថា បើតាមប្រភពព័ត៌មានពីគណបក្សភឿថៃ អះអាង កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែសីហា) ថា ផែនការរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដីថៃ ដែលកំពុងតែរស់នៅនិរទេសខ្លួន ដោយខ្លួនឯង នៅក្រៅប្រទេស នឹងវិលត្រឡប់ មកកាន់ប្រទេសថៃ វិញ នៅសប្ដាហ៍ក្រោយនោះ នឹងត្រូវពន្យារពេល រហូតដល់រដ្ឋាភិបាលថ្មី ដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) ត្រូវបង្កើតឡើងរួចរាល់សិន។
លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រី ជាស្ថានិកគណបក្សភឿថៃ ហើយគាត់ត្រូវគេជឿ ថា នឹងនៅតែជាមេដឹកនាំរបស់គណបក្សភឿថៃ។ លោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កូនស្រីពៅរបស់លោក ថាក់ស៊ីន កាលពីសប្ដាហ៍មុន បានប្រកាស នៅលើបណ្ដាញសង្គម Instagram ថា ឪពុករបស់លោកស្រី នឹងមកដល់អាកាសយានដ្ឋានដនមឿង (Don Mueang) នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា។
ប្រភពដដែល បានបន្ដ ថា លោក ថាក់ស៊ីន បានសម្រេចចិត្តពន្យារពេល នៃការវិលត្រឡប់ មកកាន់ប្រទេសថៃ ខណៈឮព័ត៌មាន ថា ការបោះឆ្នោតនាយករដ្ឋមន្ត្រី គ្រោងនឹងធ្វើឡើង នៅថ្ងៃសុក្រ នេះ ដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ ថាតើការតែងតាំងលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតរបស់សភាទាំង២ ស្របតាមរដ្ឋធម្មនុញ្ញ ដែរឬយ៉ាងណា។
លោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ កាលពីថ្ងៃទី១៣ ខែកក្កដា បានរងទទួលបរាជ័យ មិនទទួលបានសំឡេងគាំទ្រជាលើកដំបូង ពីសមាជិកសភាជាប់ឆ្នោត ដែលចេញមកពីគណបក្សអភិរក្សយោធារាជានិយម និង សមាជិកព្រឹទ្ធសភា ត្រូវបានតែងតែ ដោយពួកយោធា ក្រោយអំពីរដ្ឋប្រហារ។ សភាក៏បានច្រានចោលនូវការតែងតាំងជាថ្មីរបស់គាត់ កាលពីថ្ងៃទី១៩ ខែកក្កដា សម្រាប់តំណែងនាយករដ្ឋមន្រ្ដី។ សកម្មភាពទាំងនេះ បានធ្វើឲ្យមេដឹកនាំគណបក្សឆ្ពោះទៅមុខ បានរងនូវបរាជ័យ សម្រាប់គោលជំហររបស់គាត់ ធ្វើវិសោធនកម្ម លើមាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវគេស្គាល់ជាទូទៅ ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ។
ប្រភពពីគណបក្សភឿថៃ បានបន្ដទៀត ថា លោក ថាក់ស៊ីន ត្រូវគេជឿជាក់ ថា គាត់នឹងបន្ដរង់ចាំ ខណៈគណបក្សភឿថៃ កំពុងតែពិភាក្សា ជាមួយនឹងភាគីផ្សេងៗទៀត ដើម្បីចូលរួមជាមួយសម្ពន្ធភាពថ្មីរបស់ខ្លួន។ បច្ចុប្បន្ន គណបក្សចំនួន៣ ទំនងជានឹងចូលរួមជាមួយសម្ពន្ធភាពនេះ ក្រោមការដឹកនាំរបស់គណបក្សភឿថៃ រួមមាន ទី១-គណបក្សភូមិចៃថៃ (Bhumjaithai) ដឹកនាំដោយលោក អានុទីន ឆានវីរ៉ាក់គុល (Anutin Charnvirakul) ឧបនាយករដ្ឋមន្រ្ដី និង ជារដ្ឋមន្រ្ដី ក្រសួងសុខាភិបាលសាធារណៈ នៅក្នុងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha), ទី២-គណបក្សឆាតថៃផាតថាណា (Chartthaipattana) ដឹកនាំដោយលោក ធៀរ៉ា វង់សាមុត (Theera Wongsamut) អតីតរដ្ឋមន្រ្ដី ក្រសួងកសិកម្ម និង ទី៣-គណបក្សប្រជាធិបតេយ្យ ដឹកនាំដោយលោក ជូរីន ឡាក់សាណាវីស៊ី (Jurin Laksanawisit) អតីតរដ្ឋមន្រ្ដី ក្រសួងសុខាភិបាលសាធារណៈ និង ជារដ្ឋមន្រ្ដីក្រសួងអប់រំ នៅក្នុងរដ្ឋាភិបាលរបស់លោក អាភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva)។
ជាមួយគ្នានេះ ការចរចានេះ អាចនឹងនៅតែដំណើរការ ជាមួយនឹងគណបក្សរួបរួមជាតិថៃ (United Thai Nation) ហៅកាត់ UTN របស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ និង គណបក្សផាឡាំងប្រាឆារ៉ាត ( Palang Pracharath) ហៅកាត់ PPRP ដឹកនាំដោយលោកឧត្ដមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ។ ប៉ុន្តែគណបក្សតូចៗជាច្រើនផ្សេងៗទៀត ត្រូវបានគេរំពឹង ថា នឹងជួយជំរុញដល់សម្ពន្ធភាពផងដែរ។
ដោយឡែក លោក ភីឈីត ថាមូន (Pichit Tamoon) ជាឥស្សរជនដ៏សំខាន់ នៃរណសិរ្សរួបរួម សម្រាប់ក្រុមអាវក្រហម ដើម្បីលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងទំព័ររបបផ្តាច់ការ នៅខេត្តឈៀងម៉ៃ (Chiang Mai) បានថ្លែង ថា «សេចក្តីប្រកាស អំពីការវិលត្រឡប់របស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្ដីថៃ នៅថ្ងៃទី១០ ខែសីហា គ្រាន់តែជាឧបាយកល ប្រមែប្រមូលនូវសំឡេងគាំទ្រ មកពីអ្នកអាណិតអាសូរ ដល់គណបក្សភឿថៃ តែប៉ុណ្ណោះ។ ខ្ញុំមិនគិត ថា លោក ថាក់ស៊ីន នឹងត្រឡប់មកកាន់ប្រទេសកំណើតវិញ នាពេលឆាប់ៗខាងមុខនេះទេ ដោយសារតែការព្រួយបារម្ភ អំពីសុវត្ថិភាព ហើយក៏មានមនុស្សជាច្រើន អាចនឹងស្អប់គាត់»៕










