ប្រទេសថៃ ៖ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ អ្នកនាង Traisulee Traisoranakul អ្នកនាំពាក្យរងប្រចាំការិយាល័យនាយករដ្ឋមន្ត្រី លើកឡើងថា ក្នុងអំឡុងពេលសេដ្ឋកិច្ចងើបឡើងវិញក្រោយជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅប្រទេសថៃ រដ្ឋាភិបាលបានតាមដានស្ថានភាពការងារនៅទូទាំងប្រទេសឃើញថា អត្រាមានការងារធ្វើរបស់ពលរដ្ឋថៃបានកើនឡើងជាបន្តបន្ទាប់ ស្របតាមស្ថានភាពសេដ្ឋកិច្ច ។
ការិយាល័យស្ថិតិជាតិបានជូនដំណឹងពីការស្ទង់មតិស្ថានភាពមានការងារធ្វើរបស់ពលរដ្ឋថៃ នៅក្នុងត្រីមាសទី២ (ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៣) ថា ចំនួនអ្នកមានការងារធ្វើ និងអ្នកធ្វើការពេញម៉ោងបានកើនឡើង ។
នៅត្រីមាសទី២ ឆ្នាំ២០២៣ ពលរដ្ឋថៃមានការងារធ្វើស្មើចំនួន៣៩,៧លាននាក់ កើនឡើង៦,៦សែននាក់ បើធៀបជាមួយត្រីមាសទី២ ឆ្នាំ២០២២ ខណៈម៉ោងធ្វើការ ក៏កើនឡើងផងដែរ ។ វាបានឆ្លុះបញ្ចាំងពីបរិមាណការងារក្នុងប្រព័ន្ធកាន់តែច្រើន ហើយការិយាល័យស្ថិតិជាតិសង្កេតឃើញថា អ្នកធ្វើការពេញម៉ោង ឬធ្វើការចាប់ពី៣៥ម៉ោង ដល់៤៩ម៉ោងក្នុង១សប្តាហ៍ បានកើនឡើងប្រមាណ៥,៦សែននាក់ បើធៀបជាមួយរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ ចំណែកអ្នកធ្វើការចាប់ពី៥០ម៉ោងឡើងទៅក្នុង១សប្តាហ៍ បានកើនឡើងប្រមាណ៣,៥សែននាក់ ខណៈអ្នកធ្វើការតិចជាង៣៥ម៉ោងក្នុង១សប្តាហ៍ បានធ្លាក់ចុះប្រមាណ២,៤សែននាក់ ។
អ្នកនាង Traisulee Traisoranakul លើកឡើងថា ចំណែកពលរដ្ឋគ្មានការងារធ្វើវិញ គឺនៅត្រីមាសទី២ ឆ្នាំ២០២៣ អ្នកគ្មានការងារធ្វើជាមធ្យមស្មើចំនួន៤,៣សែននាក់ ស្មើនឹង១,១% ។ ចំនួននេះបានធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលពលរដ្ឋថៃគ្មានការងារធ្វើ ស្មើចំនួន៥,៥សែននាក់ ឬ១,៤% ។ ប៉ុន្តែវាមានតុល្យភាព បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ ដែលពលរដ្ឋថៃគ្មានការងារធ្វើស្មើចំនួន៤,២សែននាក់ ស្មើនឹង១,១% ។
អ្នកនាងបន្តថា ៖ «សូចនាករទូទៅនៃស្ថានភាពការងារបានល្អប្រសើរឡើង និងគ្មានសញ្ញាគួរឱ្យបារម្ភទេ សម្រាប់ភាពអត់ការងារធ្វើរយៈពេលវែង ឬអ្នកគ្មានការងារធ្វើលើសពី១ឆ្នាំឡើងនៅត្រីមាសទី២ ឆ្នាំ២០២៣ ឃើញថា ចំនួននេះបានធ្លាក់ចុះនៅសល់ត្រឹម៧,៤ម៉ឺននាក់ បើធៀបនឹងចំនួន១,៤សែននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២» ៕ ប្រភព ៖ chiangmai news










