ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ក្រុមអ្នកតវ៉ាឈ្មោះ United Front of Thammasat and Demonstration បានរៀបចំក្បួនដង្ហែរមួយចេញដំណើរពីផ្លូវបំបែកអសោកម៉ន់ទ្រី សំដៅមកកាន់ការិយាល័យរបស់គណបក្សភឿថៃ ដែលស្ថិតនៅអគារ OAI Tower ។ ការដង្ហែរក្បួននេះ ក្នុងគោលបំណងឱ្យគណបក្សភឿថៃ គណបក្សកាវក្លៃ ព្រមទាំងគណបក្សរួមគ្នាផ្សេងទៀតសហការបង្កើតរដ្ឋាភិបាល និងមិនសហការជាមួយគណបក្សកាន់អំណាចចាស់ ។
ការតវ៉ានេះកើតឡើងក្រោយពីគណបក្សភឿថៃបានចេញសេចក្តីថ្លែងការណ៍កាលពីរសៀលថ្ងៃទី២ ខែសីហា កន្លងមកថា នឹងគ្មានគណបក្សកាវក្លៃចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណបក្សភឿថៃទេ ហើយក៏គ្មានការជំរុញការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ ដែរ ។
ភ្នាក់ងារសន្តិសុខប្រចាំការនៅបរិវេណខាងមុខការិយាល័យគណបក្សភឿថៃបានដាក់របងការពារ និងមិនអនុញ្ញាតឱ្យក្រុមអ្នកតវ៉ាចូលទៅផ្នែកខាងក្នុងទេ ខណៈក្រុមអ្នកតវ៉ាទាំងនេះមិនពេញចិត្តនឹងគណបក្សភឿថៃ ដែលមិនរក្សាពាក្យសច្ចៈរបស់ខ្លួនជាមួយពលរដ្ឋ ។ ក្រោយមក ក្រុមអ្នកតវ៉ាបាននាំគ្នាទម្លុះរបងចូលទៅកាន់បរិវេណខាងមុខអគារគណបក្សភឿថៃ ហើយពួកគេបានចាក់ទឹកថ្នាំលើដុំក្រណាត់ស្រដៀងគ្នានឹងឈាម ព្រមទាំងជះទឹកថ្នាំពណ៌ក្រហមនៅត្រង់បរិវេណជណ្តើរឡើងទៅការិយាល័យគណបក្សភឿថៃផងដែរ ហើយពួកគេយកភ្លើងមកដុតដុំក្រណាត់ទាំងនេះ ព្រមទាំងស្រែកជេរថា គណបក្សភឿថៃក្បត់នឹងឆន្ទៈពលរដ្ឋ ។
ក្រុមអ្នកតវ៉ាលើកឡើងថា គណបក្សភឿថៃត្រូវពិសោធន៍ថា នឹងមិនក្បត់ជាមួយពលរដ្ឋ ដោយការយកលិខិតស្នើសុំរបស់ពួកគេទៅពិចារណាក្នុងកិច្ចប្រជុំគណបក្ស ដើម្បីរកផ្លូវបង្កើតរដ្ឋាភិបាល និងអភិវឌ្ឍន៍ប្រទេសបន្តទៀត ។ ក្រៅពីនេះ គណបក្សភឿថៃត្រូវតែអនុវត្តតាមមតិពលរដ្ឋ និងមិនឃើញតែអំណាច រហូតទៅសហការជាមួយគណបក្សកាន់អំណាចចាស់ ដោយសារវាផ្ទុយគ្នាពីអ្វីដែលគណបក្សភឿថៃធ្លាប់បានសន្យាជាមួយពលរដ្ឋក្នុងអំឡុងពេលឃោសនាបោះឆ្នោត ។
ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមន្ត្រីតំណាងរបស់គណបក្សភឿថៃចេញមកទទួលលិខិតរួមបញ្ចូលឈ្មោះគណបក្សទាំង៨ ត្រូវសហការគ្នាឱ្យស្អិតរមួត ។ ពួកគេបានប្រាប់ឱ្យគណបក្សភឿថៃនឹកឃើញពាក្យសន្យារបស់ខ្លួនជាមួយពលរដ្ឋមុនពេលបោះឆ្នោតថា គណបក្សភឿថៃនឹងមិនសហការជាមួយគណបក្សកាន់អំណាចផ្តាច់ការដាច់ខាត ។ ទោះយ៉ាងណា គណបក្សភឿថៃបានបញ្ជូនមន្ត្រីតំណាង អ្នកនាង Linthiphon Warinwatchararoj មកទទួលលិខិតពីក្រុមអ្នកតវ៉ា ។ អ្នកនាង Linthiphon លើកឡើងថា នឹងនាំយកការទាមទាររបស់សាធារណជននេះដើម្បីឱ្យមន្ត្រីក្នុងជួរដឹកនាំគណបក្សភឿថៃពិចារណាម្តងទៀត ៕
ប្រភព ៖ Mono News










