សេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី៣១ ខែកក្កដា ស្តីពីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញការងារចម្បងៗសម្រាប់ឆមាសទី២ សំដៅឈានទៅបន្តសម្រេចឱ្យបានជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់ប្រព័ន្ធធនាគារក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល រួមទាំងលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆមាសទី១។

ទន្ទឹមនឹងការបង្ហាញពីលទ្ធផលការងារក្នុងឆមាសទី១ នឹងការរំពឹងទុកប្រកបដោយសុទិដ្ឋិនិយមធនាគារជាតិបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាក៏ត្រូវប្រឈមនឹងហានិភ័យចម្បងៗផងដែររួមមាន៖
១.កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចពិភពលោកនិងតំបន់
២.ភាពមិនច្បាស់លាស់នៃលំហូរមូលធន និងការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ
៣.ការប្រែប្រួលអាកាសធាតុដែលអាចបន្ថយកំណើនក្នុងវិស័យកសិកម្ម
៤.ឧក្រិដ្ឋកម្មសាយប័រ ដែលអាចធ្វើឱ្យរអាក់រអួលដល់ដំណើរការប្រព័ន្ធទូទាត់និងសេដ្ឋកិច្ចទាំងមូល។

គួរបញ្ជាក់ផងដែរថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ ធនាគារជាតិបានបង្ហាញឱ្យដឹងថា អតិផរណារួមជាមធ្យមមានកម្រិត ១,២% ទាបជាងឆមាសទី២ ឆ្នាំ២០២២ (៤,១%) និងឆមាសទី១ ឆ្នាំ២០២២ (៦,៦%)។ ក្នុងស្ថានភាពដែលតម្លៃប្រាក់ដុល្លារអាម៉េរិក នៅលើទីផ្សារអន្តរជាតិមាននិន្នាការកើនឡើង ប្រាក់រៀលមានស្ថិរភាពល្អក្នុងកម្រិតជាមធ្យម ៤.០៩៤រៀលក្នុង១ដុល្លារអាម៉េរិក។ ទុនបម្រុងអន្តរជាតិគិតត្រឹមឆមាសទី១នេះ មានចំនួន ១៨,៤ ប៊ីលានដុល្លារអាម៉រិកកើនឡើង ៣,២% ធៀបនឹងចុងឆ្នាំ២០២២ ដែលអាចធានាការនាំចូលទំនិញនិងសេវាបាន៧ខែខ្ពស់ជាងកម្រិតអប្បបរមា៣ខែ ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។

ប្រព័ន្ធធនាគារកម្ពុជាសម្រេចបានលទ្ធផលល្អនិងបានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិង គាំទ្រកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ដែលត្រូវបានរំពឹងថានឹងសម្រេចបានក្នុងរង្វង់ ៥,៥% ដែលគាំទ្រដោយកំណើនខ្ពស់នៃវិស័យទេសចរណ៍ និងភាពប្រសើរឡើងនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ទោះបីជាវិស័យកសិកម្ម និងសំណង់បន្តទទួលបានកំណើនទាប។

តាមរយៈទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារដែលមានកំណើន ៩,៩% ដល់ ៣៣៣,៤ ទ្រីលានរៀល (៨២,២ ប៊ីលានដុល្លារ អាម៉េរិក)។ ឥណទានមានកំណើន ១៣,៨% ដល់ ២៣៧,៥ ទ្រីលានរៀល (៥៨,៦ ប៊ីលានដុល្លារអាម៉េរិក) ខណៈប្រាក់បញ្ញើអតិថិជនមានកំណើន ៦,៤% ដល់ ១៧៩,៨ ទ្រីលានរៀល (៤៤,៤ ប៊ីលានដុល្លារអាម៉េរិក)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmkFEx694Scgy-TWwMK4UadA5msrGr08VlgopEMOgVg9Rvbajk60xz1fdiSTfJM2ooSEsLFkVSP2V4x5rINryTJKzgXfvrqcMxRUTrOzd7w0aR3hq-hsbuskFkY8UzMijK7WtSFj5WtNBy12S3tVqfy43yRGXnmKlf8TxsWZDX274ozIuVWq8EdOEt7L8/s2048/362636956_620744633532685_7883873819410194021_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZuvdK2yeJNHPE5SkvZFQOfd2E0OtEk9FEuRz1ynUDIKKNODqPr0bH62teqZLPSKE7oXcqwyslqhPogjJEVdlnpmS_mPMDSRgu6ojou1yLDv7YEGLNMyoixq3nQWQ9veRPSyzbkoYtMqbBRVfYucimwXG7Lo4QLyUygcJRa8XPsyYUM9KGCdXPlx_tgM0/s2048/363807922_620744663532682_1225957476347069089_n.jpg